ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជនសាលាខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តន៍ជនសាលាខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ កាលពីរសៀលថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥។


ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះសមាជិកក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សមាគមនារី ដើម្បីសន្តិភាព និងនិវត្តន៍ជន។ ថ្ងៃនេះយើងបានធ្វើការជួបជុំគ្នាមុនឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឈានចូលមកដល់នាពេលខាងមុខ ១. ដើម្បីបង្កើនការស្និតស្នាលរវាងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុ និងសូមជូនពរឆ្នាំថ្មី សេរីសួស្តី បវរមហាប្រសើរសូម ឪ្យមានសុខភាពល្អ កាយសម្បទាមាំមួន កម្លាំងខ្លាំងក្លាប្រជ្ញាឈ្លៀសវៃគ្រប់ភារកិច្ច។ ២. ប្រទេសកម្ពុជា មានសន្តិភាព ក្រោមម្លប់សន្តិភាពយើងរួមគ្នាបន្តថែរក្សាសុខសន្តិភាព ដើម្បីយើងមានឱកាសអភិវឌ្ឍខេត្តរបស់យើងកាន់តែមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តដឹកនាំប្រទេសឈានឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០ ហើយការអនុវត្តតួនាទីភារកិច្ចរបស់យើងទាំងអស់គ្នាទៅតាមជំនាញរៀងៗខ្លួន តាមវិស័យនានា ដោយខិតខំបំពេញការងារក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពសាធារណៈ ទន្ទឹមនោះ បងប្អូនអាជីវករបន្តពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ព្រោះចក្ខុវិស័យឆ្នាំ២០៥០ ឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ លុះត្រាតែប្រជាពលរដ្ឋរបស់យើងមានជីវភាពខ្ពស់គ្រប់ក្រុមគ្រួសារផងដែរ ការពង្រឹងសន្តិសុខ សុវត្ថិភាព ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋជាកិច្ចការងារមួយសំខាន់ ហើយចាំបាច់ដែលទាមទារឱ្យយើងទាំងអស់គ្នាចូលរួមទាំងរដ្ឋ និងវិស័យឯកជន ដើម្បីឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត។ ៣. សូមអគុណចំពោះការលះបង់គ្រប់បែបយ៉ាងក្នុងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីនេះ ដែលយើងបានរួមគ្នារៀបចំអភិវឌ្ឍខេត្តព្រះសីហនុរបស់យើងបានល្អប្រសើរ ជាពិសេសការងារសន្តិសុខ សុវត្ថិភាពសង្គម បញ្ហាការផ្តល់សេវាសាធារណបានល្អប្រសើរនេះ ប្រព្រឹត្តទៅដោយរលូន។


ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ឆ្នាំថ្មីនេះយើងសង្ឃឹមជឿជាក់ថា យើងនឹងបន្តនូវសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ និងបន្តរួមគ្នា ដើម្បីចូលរួមដឹកនាំកសាងខេត្តព្រះសីហនុឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀតក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញទិសដៅអភិវឌ្ឍខេត្តព្រះសីហនុ ឪ្យឱ្យក្លាយជាខេត្តដែលមានតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាមជ្ឍមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០ និងសូមជូនពរសម្រាប់ឆ្នាំថ្មី សុំឱ្យមន្ត្រីរបស់យើង និងបងប្អូននិវត្តន៍ជនមានសុខភាពល្អ កាយសម្បទាមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃទទួលបានជោគជ័យគ្រប់ភារកិច្ច៕

ដោយ ងូ សុមុនី




