ពិធីបួងសួងសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៥
AKP កំពង់ធំ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងដំណើរការព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការជុំវិញខេត្តមានចំនួន០៦ទីតាំងរួមមាន៖ ទីតាំងទី១. លោកតាឥ ទី២. លោកតាក្រហម ក ទី៣. ភ្នំសន្ទុក ទី៤. លោកតាអាចារ្យលាក់ ទី៥. ដាវដែកកំពង់ស្វាយ និងទី៦.នៅប្រាសាទយាយព័ន្ធ ក្នុងបរិវេណប្រាសាទសំបូរព្រៃគុក។

ការរៀបចំសង្ក្រាន្ដឆ្នាំនេះមានគោលបំណងផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ បានចូលរួមកម្សាន្តសប្បាយ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្រោមដំបូលសន្តិភាពតែមួយក្រោមស្មារតីសុខដុម សប្បាយរីករាយ។


សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំឆ្នាំនេះមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដែលមានបង្ហាញផែនទស្សនីយភាពសិល្បៈ និងល្បែងប្រជាប្រិយខ្មែរ នៅទីតាំងផ្ទះបារាំង សួនស្ទឹងសែន និងឆ្នេរខ្សាច់ ចាប់ពីម៉ោង៩៖០០ព្រឹក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៕


ដោយ ស៊ុម វណ្ណា




