រដ្ឋបាលខេត្តព្រះសីហនុរៀបចំពីធីសូត្រមន្តចម្រើនព្រះបរិត្តប្រោះព្រំសុំសេចក្តីសុខ ចម្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ កាលពីរសៀលថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ និងនិវត្តន៍ជនរៀបចំនិមន្តព្រះសង្ឃ សូត្រមន្តចម្រើនព្រះបរិត្តប្រោះព្រំសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ និងឧទ្ទិកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបួងសួងដល់វត្ថុសក្តិសិទ្ធិ ជាពិសេសទេវ តាឆ្នាំថ្មីសូមជួយបីបាច់ថែរក្សាប្រោះព្រំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទទួលបានសេចក្តីសុខ មានសុខភាពល្អ ថាមពលខ្លាំងក្លាប្រាជ្ញាវាង វៃចៀសផុតពីជំងឺកាចសាហាវ។

ពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រោះព្រំសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបង្ហាញឱ្យឃើញពីការគោរពប្រតិបត្តិប្រពៃណី ទំនៀមទម្លាប់សាសនាខ្មែរ ជាពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គ័យ និងទទួលបានពរជ័យ ពីទេវតាឆ្នាំថ្មី ក៏ដូចជាការចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ជាតិខ្មែរដ៏ល្អផូរផង់។

ក្រោមម្លប់សន្តិភាព និងការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតសំខាន់ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសស្របពេលដែលប្រទេសកម្ពុជា កំពុងទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ឆ្នេរ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធិផលជាច្រើនផ្សេងទៀតដែលបាន និងកំពុងកើតមាន និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងក្រោមម្លប់សន្តិភាព។


សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ដែលត្រូវនឹងថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង ស្រុក និងនៅតាមវត្តអារាមនានាក្នុងខេត្តព្រះសីហនុ បានរៀបចំសង្ក្រាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្ត ក្រុង ស្រុក ដើម្បីបង្កើតព្រឹត្តិការណ៍សប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជាអ្នកវិនិយោគិនមកលេងកម្សាន្តសង្ក្រាន្តខេត្តព្រះសីហនុ៕
ដោយ ងូ សុមុនី




