អាវុធហត្ថខេត្តកណ្ដាលត្រៀមកម្លាំងជាង២០០នាក់ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ
AKP កណ្ដាល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥-- លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាកងរាជអាវុធហត្ថខេត្តកណ្ដាល បានត្រៀមកម្លាំងជាង២០០នាក់ ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តខេត្តកណ្ដាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៥នេះ ។


លោកឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល បានថ្លែងប្រាប់នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការចង្អុលបង្ហាញ ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អាវុធហត្ថខេត្តខេត្តកណ្ដាល បានត្រៀមកម្លាំងជាង២០០នាក់រួចរាល់ និងត្រៀមមធ្យោបាយ គ្រឿងបំពាក់សម្ភារបរិក្ខា ត្រៀមអន្តរាគមន៍ចំណុចខ្ពស់ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមដងផ្លូវ ជូនឥស្សរជនជាន់ខ្ពស់ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តសប្បាយរីករាយនៅតាមទីវត្តអារាម ទីកន្លែងសប្បាយភាព និងរម្មណីដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយបានដាក់ពង្រាយ តាមទីសាធារណៈ តាមតំបន់ទេសវរណ៍ រមណីយដ្ឋាន តាមក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីការពារប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកមេបញ្ជាការបានស្នើឱ្យប្រជាពលរដ្ឋសហការជាមួយកងកម្លាំង និងរាយការណ៍ឱ្យបានទាន់ពេលវេលា ប្រសិនបើប្រទះឃើញ ឬជួបនូវឧបទ្ទវហេតុណាមួយជាយថាហេតុ ដើម្បីឱ្យកម្លាំងសមត្ថកិច្ចជួយសង្រ្គោះបានទាន់ពេលវេលាផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)




