សហគមន៍ដាំស្ពៃក្កោបសរីរាង្គក្នុងផ្ទះសំណាញ់រំពឹងថានឹងមានតម្លៃល្អនៅរដូវចូលឆ្នាំ
AKP បាត់ដំបង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥-- ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតម្រូវការបន្លែបង្កាត្រីសាច់មានកម្រិតខ្ពស់ ស្របពេលដែលកសិករដែលប្រកបមុខរបរដាំបន្លែសរីរាង្គបានបង្កើនការដាំដុះទុកជាមុនដើម្បីបំពេញតម្រូវការទីផ្សារ ក៏ប៉ុន្តែតម្លៃបន្លែសរីរាង្គដែលកសិករផលិតបាននៅក្នុងមូលដ្ឋានខេត្តបាត់ដំបងហាក់មានតម្លៃមិនល្អនិងឡើងថ្លៃតិចតួចដោយសារតែការនាំបន្លែមកពីក្រៅច្រើនពេក។ តួយ៉ាងកំឡុងពេលជាង៣ខែនៃដើមឆ្នាំ២០២៥នេះ តម្លៃស្ពៃក្តោបសរីរាង្គដែលកសិករដាំនៅក្នុងផ្ទះសំណាញ់ត្រូវធ្លាក់ថ្លៃបើប្រៀបធៀបទៅនឹងឆ្នាំទៅមិញ។

បើតាមលោក ហ៊ុន វត្ថា ប្រធានសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា បានប្រាប់ថា បច្ចុប្បន្នស្ពៃក្តោបក្នុងសហគមន៍ដាំដុះនៅក្នុងផ្ទះសំណាញ់ អាចលក់ចេញបានក្នុងតម្លៃ ២ ពាន់រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះ មានការធ្លាក់ចុះបន្តិច បើធៀបតម្លៃកាលពីឆ្នាំមុន។ សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា មានទីតាំងស្ថិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

លោក ហ៊ុន វត្ថា បានឱ្យដឹងនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៥ថា នៅរយៈពេលជាង៣ខែ ដើមឆ្នាំនេះ តម្លៃស្ពៃក្តោបដែលដាំនៅក្នុងផ្ទះសំណាញ់មានការធ្លាក់ថ្លៃជាងឆ្នាំមុនៗ។ ឆ្នាំនេះអាកាសធាតុអំណោយផលដល់ការលូតលាស់ដំណាំ ជាច្រើនមុខដូច្នេះកសិករនាំគ្នាដាំដុះបន្លែនៅខាងក្រៅសហគមន៍បានច្រើនជាងមុន និងមានការនាំចូលបន្លែពីក្រីស្រុកមកច្រើនទៀតជាហេតុធ្វើឱ្យលើសពីតម្រូវទីផ្សារ ញាំងឱ្យតម្លៃធ្លាក់ចុះ។ បើទោះជាបែបនេះក្តី បន្លែស្ពៃក្តោបផ្ទះសំណាញ់នៅក្នុងសហគមន៍ពេជ្រចិន្តា នៅតែអាចលក់ចេញបាននៅក្នុងតម្លៃមួយដែលកសិករអាចទទួលយកបាន គឺលក់ចេញក្នុងតម្លៃ២០០០ ទៅ២៣០០រៀលក្នុងមួយគីឡូក្រាម ដោយបាននាំចេញទៅតាមតម្រូវការទីផ្សារចន្លោះពី៥០០គីឡូក្រាមទី១តោនក្នុងមួយថ្ងៃ។ ដោយឡែកបន្លែស្ពៃក្តោប ដែលដាំធម្មតា គឺ លក់ចេញបានក្នុងតម្លៃចន្លោះពី ៨០០ ទៅ១ ២០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
លោក ហ៊ុន វត្ថា បានពន្យល់ថា តម្លៃស្ពៃក្តោបសរីរាង្គដែលសហគមន៍ផលិតបាន លក់ចេញក្នុងតម្លៃផ្សេងៗគ្នាទៅតាមខែនីមួយៗដោយចាប់ពីខែមករា ដល់ខែមីនា តម្លៃផ្សេង ខែមីនាដល់ខែមិថុនា តម្លៃផ្សេងនិងចាប់ពីខែកញ្ញា ដល់ខែធ្នូ តម្លៃផ្សេង ដោយស្ពៃក្តោបយើងទិញពីកសិករដែលជាសមាជិកសហគមន៍មានតម្លៃចន្លោះពី១៥០០រៀលដល់ ៣៥០០ រៀលក្នុង១គីឡូក្រាម។ ក្នុងរដូវបុណ្យទានដូចជាចូលឆ្នាំជាដើមតម្លៃស្ពៃក្តោបមានតម្លៃខ្ពស់ជាងគេដល់៣៥០០ រៀល ក្នុងមួយគីឡូក្រាម តែឆ្នាំនេះមិនសូវបានថ្លៃដូចឆ្នាំមុនៗ។ តម្លៃស្ពៃក្តោបក្នុងផ្ទះសំណាញ់ ២ពាន់រៀលក្នុងមួយគីឡូ ទើបតែធ្លាក់ចុះនៅដើមឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ ព្រោះតែកសិករក្រៅសហគមន៍ក៏ដាំដុះច្រើនយើងមិនអាចគ្រប់គ្រងលើបរិមាណបាន។

បើទោះបីតម្លៃកន្លងមកទាបបន្តិចក្តីតែម្ចាស់សហគមន៍រូបនេះ បានមើលឃើញថា តម្លៃស្ពៃក្តោបនឹងហក់ឡើងវិញនៅពេលចូលឆ្នាំនេះព្រោះបន្លែដែលកសិករក្រៅសហគមន៍បានដាំនឹងចាប់អស់ជាបណ្ដើរៗ ឬចាប់ផ្តើមរលួយព្រោះដល់អាយុកាល។ បច្ចុប្បន្នស្ពៃក្តោប នៅក្នុងសហគមន៍ នៅពេលចាល់ខ្លាំង គឺនាំចេញទៅកាន់ផ្សារមួយចំនួនដូចជា ផ្សារពូពុយ ផ្សារព្រំដែនកំរៀង ភ្នំព្រឹក ប៉ុន្តែតម្លៃល្អ គឺនាំចេញមកកាន់ទីផ្សាររាជធានីភ្នំពេញ។
បើតាមលោក ហ៊ុន វត្ថា សព្វថ្ងៃ នៅក្នុងសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ធ្វើការនាំចេញបន្លែចម្រុះប្រមាណជាង ១០ មុខដែលមានដាំក្នុងសំណាញ់ លក់លើទីផ្សារចន្លោះពី ២ តោន ទៅ ២,៥ តោន ក្នុងមួយថ្ងៃ៕
ដោយ សុផល




