ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា ជូនពរដល់កងកម្លាំង ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅឯបរទេស
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥-- ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ដែលនឹងចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានផ្ញើសារលិខិតជូនពរជូនដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល កុងហ្គោ និងអង្គភាពចំណុះឱ្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសូមទេវតាឆ្នាំថ្មីព្រះនាមគោរាគៈទេវី ប្រទានពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ព្រមទាំងក្រុមគ្រួសារ បងប្អូនញាតិមិត្តទាំងក្នុង និងក្រៅប្រទេស ប្រកប ដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងខ្លឹមសារនៃសារលិខិតជូនពរនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានគូសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ សូមចូលរួមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គ្រប់កងកម្លាំងដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប) ជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល កុងហ្គោ និងអង្គភាពចំណុះឱ្យមជ្ឈមណ្ឌលជាតិទាំងមូល ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវរយៈពេលពេញមួយឆ្នាំកន្លងទៅ ដោយទទួលបានសមិទ្ធផល និងស្នាដៃជាច្រើនជូនមជ្ឈមណ្ឌលជាតិ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុការពារជាតិ ការអភិវឌ្ឍសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់យើងទាំងអស់គ្នា ដែលទទួលបាននូវទំនុកចិត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ តាមរយៈការលើកកំពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជា និងកងយោធពលខេមរភូមិន្ទទាំងមូលនៅលើឆាកអន្តរជាតិ។
ដូចនេះ ដើម្បីជាការឆ្លើយតបទៅនឹងពលិកម្ម និងវីរភាពដ៏ឧត្តុងឧត្តមខាងលើ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ សូមសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកឪពុក អ្នកម្តាយ បងប្រុស បងស្រី ប្អូនៗ ក្មួយៗទាំងអស់ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីឱ្យកូនចៅ ប្តីសី សាច់ញាតិ បងប្អូន ទៅបំពេញបេសកកម្មសហប្រជាជាតិ ហើយក៏សូមផ្ញើនូវក្តីនឹករលឹកពីចម្ងាយជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល កុងហ្គោ និងអង្គភាពចំណុះឱ្យមជ្ឈមណ្ឌលជាតិទាំងអស់ សូមបន្តទទួលបាននូវ សុខសុវត្ថិភាព និងចៀសផុតពីជម្ងឺដង្កាត់ទាំងពួង ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពសង្ឃឹម និងជឿជាក់ថា កម្លាំងរក្សាសន្តិភាព និងអង្គភាពចំណុះមជ្ឈមណ្ឌលជាតិ នឹងបន្តខិតខំអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួនប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបាននូវសមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ចាន់ សុភឿន




