ឪពុកនិង ម្ដាយក្មេកនាយករដ្ឋមន្ដ្រី និងមន្ដ្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ បានទស្សនាស្ដង់លក់ទំនិញ ចំណីអាហារ ទស្សនាសិល្បៈនានា នៅផ្លូវថ្មើជើងWalk Street
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុករបសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ.និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ជាឪពុកម្ដាយក្មេក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាត្រូវជាឪពុកម្ដាយបង្កើតលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អមដំណើរដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាយប់ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញទស្សនាស្ដង់លក់ទំនិញ កន្លែងលក់ចំណីអាហារ និងទស្សនាសិល្បៈនានា នៅផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ ដោយក្នុងឱកាសនោះ ឯកឧត្តម ពេជ សោភ័ន និងឯកឧត្ដមឃួង ស្រេង បានធាក់ស៊ីក្លូដឹកលោកជំទាវកម្សាន្តសប្បាយផងដែរ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នៅផ្លូវថ្មើរជើង (Walk Street) សំបូរចំណីអាហារឆ្ងាញ់ៗណាស់បងប្អូន សប្ដាហ៍នេះ និងសប្ដាហ៍ក្រោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំរបាំប្រជាប្រិយនៅផ្លូវថ្មីរជើងនេះ (WalkStreet) មាត់ទន្លេភ្នំពេញ រយៈពេល៥ថ្ងៃដោយក្នុងនោះមុនចូលឆ្នាំ២ថ្ងៃ គឺនៅថ្ងៃសៅរ៍ ទី១២ និងថ្ងៃអាទិត្យទី១៣ខែមេសា និងក្នុងឱកាសចូលឆ្នាំបន្ថែម៣ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែមេសា។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាពនិងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ គ.ស២០២៥។ តាមការជូនព័ត៌មានពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំឱ្យមានទម្រង់សិល្បៈផ្សេងៗគ្នា រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃបុណ្យ ចូលឆ្នាំថ្មីទាំងនៅសង្គ្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំអនុវត្តផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។


ដោយឡែកនៅតាមបណ្តោយផ្លូវថ្មើរជើងនាមាត់ទន្លេចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ក្នុងនោះថ្ងៃសៅរ៍ ទី១២ ខែមេសាមានរបាំបួងសួង ថ្ងៃអាទិត្យ ទី១៣ មានល្ខោនខោល របាំកន្តែរ៉ែ ថ្ងៃទី១៤មានល្ខោនបាសាក់យក្ខិនី ថ្ងៃទី១៥ល្ខោនបាសាក់ និងថ្ងៃទី១៦មានការសម្តែងក្បាច់គុណល្បុក្កតោ។
លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្លូវថ្មើរជើងជាតំបន់ស្ងួត ហាមមិនឱ្យមានការលេងបាញ់ទឹកប៉ាតម្សៅជាដើម។ តែបងប្អូនអាចទៅលេងនៅសង្គ្រាន្តវត្តភ្នំបាន។ ជាមួយគ្នានេះ លោកស្រីក៏បានអំពាវនាវដល់បងប្អូនអាជីវករលក់ដូរ នៅផ្លូវថ្មើរជើងមិនត្រូវក្រាលកន្ទេលលក់លើស្មៅ លើសួនរួមទាំងអ្នកមកដើរ លេងកំសាន្តក៏មិនត្រូវទិញអាហារមកអង្គុយញាំលើសួនច្បារនោះឡើយ។

ជាមួយគ្នានេះដែរ លោកស្រីបានអំពាវនាវដល់បងប្អូនអាជីវករលក់ដូរ ក៏ដូចបងប្អូនអ្នកធ្វើដំណើរទៅលេងកម្សាន្តនៅផ្លូវថ្មើរជើងសូមចូលរូមសម្អាត អនាម័យ បរិស្ថានដោយរក្សាបានភាពស្អាតសាកសមជាកន្លែងដើរលេងកម្សាន្ត និងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។ ពេលនេះផ្លូវថ្មើរជើងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញរៀបចំឱ្យមានផ្លូវថ្មើរជើង តភ្ជាប់ពីសង្គ្រានវត្តភ្នំដែលជាការពង្រីកកន្លែងកម្សាន្តសប្បាយកាន់តែច្រើនក្នុងរាជធានីភ្នំពេញ៕
ដោយ សួស សំរិត




