បទយកការណ៍៖ ពលរដ្ឋកម្ពុជាមានជំនឿ និងចង់ស្តាប់ ចង់ឃើញរបាំត្រុដិរៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០២៥--
របាំត្រុដិ គឺជារបាំប្រជាប្រិយបុរាណខ្មែរមួយដែលប្រជាពលរដ្ឋតែងនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្រាប់ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី និងឱកាសប្រារព្ធកិច្ចបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋាន ឬអគារការិយាល័យផ្សេងៗ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។ របាំនេះក៏មានរៀបរាប់នៅក្នុងព្រះរាជពិធីហៅថា «ត្រស្តិសង្ក្រាន»។
ចម្រៀងដែលតែងឮគេច្រៀងនោះគឺផ្ដើមដោយ៖ «ហ្អាអ៉ើយ!!! កំប្លង់ៗអ្ហើយ នាំគ្នាលេងត្រុដិ ដោយចិត្ដបរិសុទ្ធ ជារបាំខ្មែរ ឆាៗរ៉ាឆារ៉ាមុំបង វើយៗក្រមុំបង.....»។
ជាមួយគ្នានេះ របាំត្រុដិមានតួសម្ដែងច្រើនគ្នា ដូចជា តួសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោង ហែហមកំដរដោយក្រុមអ្នកវាយស្គរដៃ ក្រុមអ្នកបុកកញ្ជែះដែលមានចងចង្ក្រង់ នារីអ្នកកាន់ឈើក្បាច់ក្បាលនាគចងដោយថង់ក្រណាត់ និងបុរសអ្នកច្រៀងគោលដឹកនាំក្រុមរបាំ ហើយច្រៀងបន្ទរដោយក្រុមអ្នកសម្ដែងទាំងអស់គ្នាទៅតាមចង្វាក់ តាមវគ្គឃ្លានៃចម្រៀង ខណៈពាក្យពេចន៍ចម្រៀងមានភាពខុសគ្នាបន្តិចបន្តួចទៅតាមក្រុមសម្ដែងនីមួយៗ។ យោងតាមឯកសាររបស់សម្ដេចព្រះវណ្ណរត្ន អ៉ីវ ទួត នៅខេត្តបាត់ដំបង ពាក្យពេចន៍ចម្រៀងនៃរបាំត្រុដិនេះចែកជា៤វគ្គ៖ ការមកដល់នៃរបាំ ការសុំទាននិងបច្ច័យ ការប្រមូលទាននិងបច្ច័យ និងការថ្លែងអំណរគុណនិងជូនពរដល់អ្នកផ្ដល់បច្ច័យ។


តាមឯកសារជាច្រើនបានអះអាងថា របាំត្រុដិនេះមានប្រភពដំបូងចេញពីជនជាតិដើមនៅតំបន់ភ្នំ ដូចជា ជនជាតិសម្រែ សួយ ព័រជាដើម ព្រមទាំងជនជាតិខ្មែរយើងនៅខេត្តស្រីស្លាកែត សុរិន្ទ្រ គោកខណ្ឌ ឧត្បលរាជធានី សៀមរាប ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ បាត់ដំបងជាដើម។ ជនជាតិដើមហៅពាក្យ «ត្រុដិ» នេះ គឺសំដៅដល់ពេលដាច់ឆ្នាំចាស់ត្រាច់ផ្លាស់ចូលឆ្នាំថ្មី។
គេសម្ដែងរបាំត្រុដិនេះគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬប្រារព្ធកិច្ចបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋាន ឬការិយាល័យផ្សេងៗ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។ គោលបំណងនៃការសម្ដែងរបាំនេះ គឺដូចទៅនឹងម៉ុងសាយរបស់ជនជាតិចិនដែរ។ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី គេប្រសិទ្ធពរជ័យសម្រាប់ឆ្នាំថ្មីដែលចូលមកដល់ដោយសេចក្តីសប្បាយរីករាយ។ ផ្ទុយទៅវិញ ការដែលមិនចូលរួមអបអរសាទរនូវរបាំនេះដោយប្រការណាមួយ អាចនាំមកនូវក្ដីទុក្ខសោកពុំខាន។ ម្យ៉ាងទៀត គេលេងរបាំត្រុដិនៅពេលដែលមានសត្វព្រៃដូចជាត្រកួត ប្រើស ឈ្លួស ពស់ចូលក្នុងភូមិ ដែលចាត់ទុកជាប្រផ្នូរមិនល្អ ទើបគេបណ្តេញឱ្យចេញពីស្រុកភូមិនូវរាល់ឧបទ្រពចង្រៃផងដែរ។

ការលេងរបាំត្រុដិនេះ ប្រជាជនតែងតែមានជំនឿលើសត្វប្រើសព្រោះសត្វប្រើសជាសត្វស្លូតបូតមួយប្រភេទ មិនប្រមាញ់សត្វដទៃជាអាហារទេ គឺស៊ីតែស្មៅ និងរុក្ខជាតិ ហើយក៏ខ្លាចមនុស្ស និងសត្វម៉ាំសាសីដទៃទៀតដែរ ហេតុអ្វីគេចាត់ទុកសត្វនេះជាសត្វចង្រៃ ឬតំណាងឱ្យភាវៈអាក្រក់? ជំនឿបុរាណខ្មែរដែលចាត់ទុកសត្វប្រើសតំណាងឱ្យសភាវៈអាក្រក់ គឺជាប់ពាក់ព័ន្ធនឹងរឿងទេវកថា ដូចជារឿងរាមកេរ្តិ៍ ត្រង់វគ្គ «ព្រះរាមដើរទេស» ដែលមហាយក្សក្រុងរាពណ៍បញ្ជាឱ្យសេនារបស់ខ្លួនឈ្មោះមហារីកកាឡាខ្លួនជាសត្វប្រើសមាស ទៅបញ្ឆោតព្រះរាមឱ្យតាមប្រមាញ់ចូលក្នុងព្រៃ។ ដោយបាត់ស្វាមីយូរពេក ព្រះនាងសិតាព្រួយព្រះទ័យយ៉ាងខ្លាំង ហើយក៏បានទទួចឱ្យព្រះលក្សណ៍ទៅតាមជួយព្រះរាម ហើយព្រះនាងសិតាក៏នៅក្នុងខ្ទមតែម្នាក់ឯង.....ទីបំផុត ក្រុងរាពណ៍ក៏បានឱកាសចូលចាប់ព្រះនាងសិតាយកទៅក្រុងលង្កាដែលជាដែនអាណាចក្ររបស់ពួកអសុរៈ។


រីឯប្រើសមាសនោះក៏ត្រូវព្រះរាមតាមបាញ់សម្លាប់បានសម្រេច ប៉ុន្តែហេតុការណ៍នេះគឺជាឧបាយកលរបស់ក្រុងរាពណ៍ទាំងអស់ ហើយទុក្ខសោកដែលព្រះនាងសិតាត្រូវក្រុងរាពណ៍ចាប់យកទៅនោះ ក៏ចង្រៃមកពីសត្វប្រើសមាសនោះឯង នេះហើយជាមូលន័យនៅក្នុងរបាំត្រុដិដែលយើងមិនសូវបានដឹងស៊ីជម្រៅ។
ពាក់ព័ន្ធនឹងការសម្ដែងរបាំត្រុដិនេះដែរ លោក សួន តារា ដែលជាក្រុមអ្នកលេងរបាំត្រុដិស្ថិតក្នុងក្រុមមួយមានឈ្មោះថា “ចលនាវប្បធម៌ជាតិដើម្បីកុមារកំព្រា និងក្រីក្រ” ដែលបានមកចូលរួមសម្តែងក្នុងពីធីសូត្រមន្តលើករាសីនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់ក្រសួងព័ត៌មាននាថ្មីៗមកនេះបានបញ្ជាក់ប្រាប់ឱ្យដឹងថា ការមកសម្តែងនេះគឺដើម្បីធ្វើការផ្សព្វផ្សាយនូវសិល្បៈវប្បធម៌របស់ខ្មែរឱ្យប្រជាពលរដ្ឋបានឃើញ និងស្គាល់ឱ្យបានច្រើន ដែលជាការថែរក្សានូវកេរ្តិ៍តំណែលរបស់ដូនតាខ្មែរយើង។ លោកបានលើកឡើងថា តាមចាស់បុរាណថារបាំត្រុដិ ដែលគេតែងចេញសម្តែងក្នុងពិធីធំៗរបស់ខ្មែរយើងពិសេសបុណ្យចូលឆ្នាំថ្មី និងបុណ្យនានាទៀតនោះ គឺមានអត្ថន័យផ្តល់នូវផលប្រយោជន៍ សុភមង្គលដល់មនុស្សគ្រប់រូប និងបណ្តេញឧបទ្រពចង្រៃចេញពីផ្ទះ ពីភូមិ ស្រុក របស់បងប្អូនប្រជាពលរដ្ឋយើង។ ម្យ៉ាងទៀត លក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវការឯកភាពផ្នែកជំនឿសាសនា។

លោក សួន តារា បានបញ្ជាក់ទៀតថា ក្រៅពីបុណ្យចូលឆ្នាំថ្មី ខ្មែរយើងក៏តែងអញ្ញើញក្រុមរបស់របាំត្រុដិរបស់លោកទៅសម្តែងក្នុងពិធីឡើងគេហដ្ឋានថ្មី កម្មវិធីសម្ពោធអ្វីមួយ និងពិធីសំខាន់ៗជាច្រើនទៀតផងដែរ។
ចំណែកកញ្ញា ស្រីរ័ត្ន ជាអ្នករស់នៅខេត្តក្រចេះ បានប្រាប់ឱ្យដឹងថា របាំត្រុដិគឺត្រូវបានពលរដ្ឋខ្មែរតែងចូលចិត្តអញ្ជើញមកសម្តែង ហើយជារបាំមួយពេញនិយមបំផុតក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ កញ្ញាបានបន្ដថា របាំនេះ នៅស្ទើរទូទាំងប្រទេសកម្ពុជាក្រុមសិល្បៈជាច្រើនតែងរួមគ្នា ចេញមកសម្តែងដើម្បីបានសិរីសួស្តីឆ្នាំថ្មី ហើយវានៅជាការបណ្តេញរាល់ឧបទ្រពចង្រៃឆ្នាំចាស់ចេញ ហើយនាំមកនូវអ្វីៗដែលល្អក្នុងឆ្នាំថ្មី។វាជំនឿរបស់ដូនតាខ្មែរយើងច្រើនតំណមកហើយ។

កញ្ញា ណារី រស់នៅខេត្តក្រចេះនេះដូចគ្នា បានបង្ហាញនូវជំនឿចំពោះបាំត្រុដិនេះថា ជារបាំប្រជាប្រិយមួយបែបដែលសព្វថ្ងៃពេញនិយមខ្លាំង។ ក្រៅពីសិល្បៈសម្តែងដ៏អស្ចារ្យ របាំនេះវាក៏រួមផ្សំដោយបទចម្រៀងពិរោះរណ្តំធ្វើឱ្យពេលសម្តែងម្តងៗនាំអារម្មណ៍យើងរំភើបរីករាយ អមជាមួយជំនឿរបស់ចាស់បុរាណនៅពេលបានលឺ ឬនៅក្បែរហើយហាក់បានបណ្តេញឧបទ្រពចង្រៃមានក្នុងខ្លួនទាំងប៉ុន្មានឱ្យចាកឆ្ងាយដូច្នេះដែរ។

គួរបញ្ជាក់ផងដែរថា ឧបករណ៍ដែលត្រូវយកមកលេងក្នុងរបាំត្រុដិនេះមានដូចជា កញ្ឆា ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម។ ចំពោះគ្រឿងតុបតែងវិញមានដូចជា មុខត្លុក ម្កុដិ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។ ចំណែកតួសម្តែង គឺមានក្រុមអ្នកពាក់មុខ ឬ ពាក់ស្នែង ក្រុមតួរាំ និងក្រុមតួបន្ទាប់បន្សំដទៃទៀត។ នៅក្នុងរបាំត្រុដិនេះក៏មានចំរៀងជាច្រើនបទ សម្រាប់ច្រៀងនៅក្នុងពេលរាំផងដែរ ដែលមាននៅតាមដំណាក់កាល ដូចជាច្រៀងនៅពេលទៅដល់ ច្រៀងនៅពេលសុំទាន ច្រៀង ជញ្ជត់ប្រាក់ ដែលគេបាចទាន និងច្រៀងឱ្យពរដល់អ្នកដាក់ទាន ។ ជាធម្មតា ក្នុងពេលរាំនៅមុខផ្ទះអ្នកណាម្នាក់តួទាំង៦នាក់ ត្រូវសម្តែងនូវក្បាច់របាំត្រុដិ និង បង្ហាញពីគោលបំណងជួយដេញស្ទាក់ប្រើស ឱ្យចូលក្នុងគន្លងព្រានដើម្បីជួយព្រានឱ្យដេញបាញ់ប្រើសឱ្យបានជាដើម។

សម្រាប់ពេលដែលសម្តែងចប់ម្តងៗ ក្រុមរបាំត្រុដិត្រូវច្រៀងជម្រាបលាម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះក៏បានយកទឹកមកប្រោះព្រំជូនពរដល់ក្រុមរបាំទាំងអស់នោះវិញដែរ។ ម្ល៉ោះហើយបើយើងមិនធ្វើតាមរបៀបនេះទេគឺជាប្រការខុសឆ្គងមួយដែរ ដែលគេមានជំនឿថាក្នុងឆ្នាំខាងមុខអ្នកនោះ នឹងមិនទទួលបានសិរីសួស្តីនោះឡើយ៕ដោយ៖ ដេប៉ូ, ប៊ុនរិទ្ធ និងសិរីរ័ត្ន




