បទយកការណ៍៖ អង្គរសង្ក្រាន្តបានត្រៀមរួចរាល់ហើយសម្រាប់ទទួលស្វាគមន៍ ភ្ញៀវទេសចរជាតិ-អន្ដរជាតិ និងគ្រប់ចម្រុះជាតិសាសន៍
AKP សៀមរាប ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥--
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះ ដ៏សម្បូរបែប នៅលើទឹកដីអង្គររយៈពេល ០៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ នៅតាម៣ទីតាំងធំៗ រួមមាន នៅបរិវេណប្រាសាទអង្គរវត្ត, តំបន់មាត់ស្ទឹងសៀមរាប និងអង្គរឃ្យុងយូ។
បើតាមក្រុមការងាររៀបចំកម្មវិធីអង្គរសង្ក្រាន្ដបានឱ្យដឹងថា រហូតមកដល់ពេលនេះ ការរៀបចំបានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្ដរជាតិ និងចម្រុះជាតិសាសន៍ ដែលនឹងមកពីគ្រប់ទិសទីក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ។


ឯកឧត្តម សោម រតនា ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥បានឱ្យដឹងថា រហូតមកដល់ពេលនេះការងារធំៗ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានក្រុមការងាររៀបចំរួចរាល់សព្វគ្រប់ហើយសម្រាប់ទទួលភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ ដែលនឹងមកកម្សាន្តនៅក្នុងព្រឹត្តិការណ៍មួយនេះ។ ឯកឧត្តមក៏សូមអញ្ជើញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ មកកម្សាន្តនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាបឱ្យបានច្រើន ព្រោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ការរៀបចំមានភាពទាក់ទាញកាន់តែខ្លាំងទាំងវិសាលភាពនៃការរៀបចំកម្មវិធីទាំងភាពទាក់ទាញនៃកម្មវិធីនីមួយៗ ដែលមានការរៀបចំឡើងដោយមានការយកចិត្តទុកដាក់។ ឯកឧត្ដមក៏បានអំពាវនាវសូមបងប្អូនមកចូលរួមកម្សាន្តឱ្យបានច្រើន ដើម្បីជាការលើកទឹកចិត្តដល់ក្រុមយុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) របស់យើង ដែលបានចូលរួមរៀបចំនៅក្នុងព្រឹត្តិការណ៍នេះ ក៏ដូចជាការគាំទ្រដល់សិល្បៈ វប្បធម៌ ប្រពៃណីខ្មែរយើង ក៏ដូចជាការជួបជុំសប្បាយរីករាយជាមហាគ្រួសារខ្មែរ។


ចំពោះអាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចហើយផងដែរ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះ មានក្រុមការងារភ្នាក់ងារទេសចរ ចំនួនជាង៤០០នាក់ ប្រចាំនៅគោលដៅចំនួន១៨សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។


លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានរៀបចំក្រុមការងារភ្នាក់ងារទេសចរណ៍នៅតាមគោលដៅសំខាន់ៗចំនួន១៨ ក្នុងរមណីយដ្ឋានអង្គរនេះ ដើម្បីជួយសម្រួលការធ្វើដំណើរតាមដងផ្លូវរបស់ភ្ញៀវទេសចរកុំឱ្យកកស្ទះចរាចរណ៍ ជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរដែលមានគ្រោះថ្នាក់ផ្សេងៗ រក្សាទុកសម្ភារភ្ញៀវទេសចរដែលភ្លេច ឬជ្រុះ ដើម្បីផ្តល់ជូនម្ចាស់ដើមវិញ។

លោកបានបញ្ជាក់ទៀតថា ដើម្បីទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខក្រុមការងារភ្នាក់ងារទេសចរណ៍ប្រចាំគោលដៅនីមួយៗបានសម្អាតបរិស្ថាន រៀបចំទីធ្លាចំណត ជួសជុលជណ្ដើរកម្រាល និងដំឡើងបង្កាន់ដៃឈើមួយចំនួន និងសម្អាតគ្រឿងបរិក្ខារតាមប្រាសាទ។ បន្ថែមពីនេះ មានក្រុមការងារភ្នាក់ងារទេសចរណ៍ប្រចាំនៅតាមដងផ្លូវនៃគោលដៅទេសចរណ៍សំខាន់ៗ មានខ្លោងទ្វារទន្លេអុំ ខ្លោងទ្វារជ័យ និងខ្លោងទ្វារដីឆ្នាំងរបស់ក្រុងអង្គរធំ ដើម្បីជួយសម្រួល និងបញ្ជៀសចរាចរណ៍ កុំឱ្យកកស្ទះទៀតផង។


ទាក់ទងនឹងព្រឹត្ដិការណ៍នេះដែរ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងដែរថា កងកម្លាំងប្រមាណជាង ៣ ០០០ នាក់ បានត្រៀមរួចជាស្រេចសម្រាប់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តនេះ។ លោកឧត្ដមសេនីយ៍ទោបានគូសបញ្ជាក់ថា កម្លាំងនគរបាលប្រមាណ ២ ០០០ នាក់ និងមានការចូលរួមពីស្ថាប័នអង្គភាពពាក់ព័ន្ធ ដែលចំណុះឱ្យបញ្ជាការឯកភាពខេត្តសរុបប្រមាណជាង ៣ ០០០ នាក់ នឹងបានបែងចែកទៅតាមគោលដៅធំៗចំនួន៦ ក្នុងនោះ គោលដៅសំខាន់ៗដែលត្រូវដាក់កងកម្លាំងការពារសន្ដិសុខសុវត្ថិភាពនោះ រួមមាន ក្នុងតំបន់អង្គរចំនួន២៥គោលដៅ ក្នុងក្រុងសៀមរាប ៣៤ គោលដៅ។ ដោយឡែកនៅតាមបណ្ដារមណីយដ្ឋាន នៅតាមបណ្ដាក្រុងស្រុកផ្សេងៗទៀត ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏បានណែនាំឱ្យអធិការក្រុងស្រុក ត្រៀមកម្លាំងការពារឱ្យរួចជាស្រេច ដើម្បីការពារដល់ភ្ញៀវទេសចរឱ្យមានសុវត្ថិភាពល្អ។

លោកឧត្ដមសេនីយ៍ស្នងការខេត្ដបានបន្ថែមថា សម្រាប់ក្នុងក្រុងសៀមរាប មានកងកម្លាំងសរុបប្រមាណ ៤០០នាក់ រួមមាន កងកម្លាំងនគរបាល និងប្រជាការពារ សម្រាប់ត្រៀមជួយសម្រួលដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ខណៈដែលកម្លាំងអន្តរាគមន៍ចំនួន ២ក្រុម ព្រមទាំងម៉ូតូ១៤គ្រឿង ទៀត សម្រាប់ត្រៀមទៅជួយសម្រួលបញ្ចៀសចរាចរណ៍ដែលមានការកកស្ទះនៅតាមដងផ្លូវផ្សេងៗ ទាំងក្នុងក្រុង និងក្រៅក្រុងសៀមរាប ដែលផែនការទាំងអស់បានដាក់ចេញរួចហើយ ត្រៀមតែអនុវត្តន៍តែប៉ុណ្ណោះ។


សូមជម្រាបជូនថា អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ក៏មិនខុសគ្នាពីព្រឹត្តិការណ៍មុនៗដែរ នៅតែរក្សាបានគោលបំណងរបស់ខ្លួន គឺការផ្សព្វផ្សព្វអំពីទេសចរណ៍ និងសិល្បៈ វប្បធម៌ ក្នុងនោះអង្គរសង្ក្រាន្តក៏បានលើកយកនូវកម្មវិធីកម្សាន្តធំៗចំនួន៣៨កម្មវិធី ដោយក្នុងកម្មវិធីនីមួយៗ មានការសម្តែងសិល្បៈ ល្បែងប្រជាប្រិយ របស់ខ្មែរជាច្រើនទម្រង់ផ្សេងៗគ្នា។ សម្រាប់ការចូលរួមផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្ត ជាការចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចរបស់អ្នករស់នៅខេត្តសៀមរាបតាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍ សំខាន់ៗរបស់ខេត្តសៀមរាបទៅកាន់ពិភពលោក។



រហូតមកដល់ពេលនេះសំណង់ និងការរៀបចំតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានចាប់ផ្តើមបង្ហាញសម្រស់ និងមានភាពទាក់ទាញ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅទស្សនាប្រាសាទអង្គរវត្ត បានផ្តិតយករូបភាព នៃការរៀបចំនេះដោយក្តីសប្បាយរីករាយជាបណ្តើរហើយ៕ដោយ៖ ឃុត សៅ




