ឯកឧត្តម ឆាយ ឫទ្ធីសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានដែក (បេឡេ) តភ្ជាប់ពីភូមិអណ្ដូងទឹក ឃុំតាំងក្រសៅទៅភូមិជាំបឹង ឃុំស្រើង ក្នុងស្រុកប្រាសាទសំបូរ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យវឌ្ឍនការងារសាងសង់ស្ពានដែកបេឡេមួយកន្លែង មានប្រវែង៣៦ម៉ែត្រ ទទឹង៤,២ម៉ែត្រ និងការស្ថាបនាផ្លូវល្បាយក្រួសតភ្ជាប់ក្បាលស្ពានទាំងសងខាងស្ពាន ប្រវែង៥០០ ម៉ែត្រ។ ស្ពាននេះតភ្ជាប់ពីភូមិទឹកអណ្ដូង ឃុំតាំងក្រសៅ ទៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រីបានអញ្ជើញជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីស្រលាញ់ និងពរសព្វសាធុការពីសំណាក់សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រីបានជម្រាបជូនប្រជាពលរដ្ឋអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្ដិភាពឱ្យបានគង់វង្ស ព្រមទាំងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ដោយបានកសាងនូវសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ជាពិសេសការយកចិត្តទុកដាក់លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។


ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសម្ដែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចធិបតីដែលបានផ្តល់ស្ពានដែកបេឡេសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងសូមផ្តល់ការជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ប្រជាពលរដ្ឋឃុំតាំងក្រសៅ និងឃុំស្រើងបានចាត់ទុកស្ពាននេះ ជាកាដូដ៏វិសេសវិសាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)




