រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរវប្បធម៌ បានរៀបចំរួចរាល់ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ដបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៣ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- គិតត្រឹមថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥នេះ តាមការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សង្រ្កាន្តវត្តភ្នំដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ត្រូវបានក្រុមការងារជំនាញរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី បានរៀបចំរួចរាល់ហើយ ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។

នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមេសានេះ។ សង្ក្រាន្តឆ្នាំថ្មីនេះ មានផ្ទាំងទស្សនីយភាពជាច្រើនប្លែកៗពីគ្នាដែលរួមបញ្ចូលដោយរចនាបថខ្មែរដ៏ស្រស់ស្អាតត្រូវបានរៀបចំរួចរាល់ សម្រាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។


សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំកម្មវិធីឱ្យបានអធឹកអធមនៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤ ១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥។ លើសពីនេះទៀត សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street វិញ ក៏បានរៀបចំមុនថ្ងៃចូលឆ្នាំ២ថ្ងៃ ហើយថែម៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំ ឡើងដល់៥ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិមកកម្សាន្តសប្បាយ៕


ដោយ សួស សំរិត




