ឯកឧត្តម កែ គឹមយ៉ាន៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ដើម្បីការពារសុខសន្តិភាព
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធដែលឈរជើងក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ និងជូនពរពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់កងកម្លាំង និងប្រជាជនខេត្តបន្ទាយមានជ័យ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ។ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់តួនាទី និងភារកិច្ចស្នូលរបស់កងកម្លាំងក្នុងការការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើវិស័យសង្គមកិច្ច និងសុខាភិបាលសាធារណៈផងដែរ។


ឯកឧត្តម កែ គឹមយ៉ាន ក៏បានលើកឡើងពីការចូលរួមចំណែករបស់កងកម្លាំងក្នុងការជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយផ្សេងៗ និងការសហការជាមួយស្ថាប័នផ្សេងៗដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌ និងបានធ្វើការណែនាំដល់កងកម្លាំងគ្រប់ប្រភេទ ដែលកំពុងឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ក្មួយៗ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមកសាងនិងពង្រឹងខឿនការពារជាតិ បូរណភាពដែនដី ទប់ស្កាត់ អស្ថិរភាពនយោបាយ ការពារដាច់ខាតនូវបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល តាមដានព័ត៌មានសន្តិសុខក្នុងប្រទេស តំបន់ សកលលោក។ បន្តអភិវឌ្ឍសមត្ថភាពបណ្តុះបណ្តាលនិងហ្វឹកហ្វឺនជាប្រចាំ បន្តជួយអន្តរាគមន៍ប្រជាជនជួបគ្រោះមហន្តរាយធម្មជាតិ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កិច្ចសហប្រតិបតិ្តការជាមួយប្រទេសជិតខាងដើម្បីកសាងបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ថែរក្សាសុខភាពសមស្របនឹងកាយសម្បទារបស់ខ្លួនម្នាក់ៗ។

ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយជាថវិកា សម្ភារឧបត្ថម្ភចែកជូនដល់មណ្ឌលជនពិការតេជោភ្នំឆ័ត្រ តំបន់អភិវឌ្ឍន៍តេជោសន្តិភាពការរ៉េពីរ មណ្ឌលជីវិតថ្មីភ្នំបាក់ និងកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ និងកងកម្លាំងប្រដាប់អាវុធក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងក្រុមការងារមាន អង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ស្រាបៀរ ទឹកក្រូច ទឹកបរិសុទ្ធ ត្រីកាម៉ុង ក្រមា ទឹកដោះគោ ស្ករស កៅអៀក អំបិល ប្រេងកូឡា ប្រេងឆា មុង ភួយ សរុបរួមជាថវិកាចំនួន ៣០៦.១០៩.៥០០រៀល និងបានជូនពរអ្នកចូលរួមទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រសព្វនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


ដោយ ឈុន សារ៉ាត




