អភិបាលខេត្តបន្ទាយមានជ័យថ្លែងអំណរគុណចំពោះក្រុមរាំហាត់ប្រាណដែលបានរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះបងប្អូនក្រុមរាំហាត់ប្រាណនៅសួនតេជោឈ្នះឈ្នះ ក្រុងសិរីសោភ័ណ ដែលបានរៀបចំកម្មវិធីរាំលេងកម្សាន្តចង្វាក់ប្រពៃណីខ្មែរ លេងល្បែងប្រជាប្រិយ និងពិធីជួបជុំហូបអាហារសាមគ្គីដ៏សប្បាយរីករាយ កាលពីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីនោះ ឯកឧត្តមអភិបាលខេត្តមានសេចក្តីសោមនស្សរីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋមានភាពសាមគ្គីគ្នា និងបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពដ៏មានអត្ថន័យនេះ។ ការរៀបចំកម្មវិធីបែបនេះមិនត្រឹមតែជាការអបអរសាទរបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់នូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង ព្រមទាំងជាការពង្រឹងនូវចំណងសាមគ្គីភាព និងមិត្តភាពរវាងបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ផងដែរ។

ជាមួយគ្នានេះដែរ បងប្អូនក្រុមរាំហាត់ប្រាណដែលជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីនេះបានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ និងមោទនភាពដែលបានរួមចំណែកក្នុងការបង្កើតបរិយាកាសសប្បាយរីករាយ ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ពួកគាត់បានប្តេជ្ញាចិត្តថានឹងបន្តសកម្មភាពបែបនេះនៅក្នុងឱកាសផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងលើកកម្ពស់វប្បធម៌ជាតិ។

ពិធីរាំលេងកម្សាន្ត លេងល្បែងប្រជាប្រិយ និងពិធីហូបអាហារសាមគ្គីបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល ដោយមានការចូលរួមយ៉ាងផុសផុលពីបងប្អូនប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងក្រុងសិរីសោភ័ណ។ កម្មវិធីនេះបានបន្សល់ទុកនូវភាពកក់ក្តៅ និងស្នាមញញឹមសម្រាប់អ្នកចូលរួមទាំងអស់គ្នា ក្នុងការត្រៀមខ្លួនស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕


ដោយ ឈុន សារ៉ាត





