ពិធីជួបសំណេះសំណាលជាមួយនិវត្តន៍ជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP កំពង់ឆ្នាំង ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៥-- ឯកឧត្តមបណ្ឌិត ហ៊ឺ វីរ: តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ផ្តល់ជូននិវត្តន៍ជនស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច លោក លោកស្រី មន្ត្រីអមដំណើរ និងគ្រួសារនិវត្តន៍ជនជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ដល់បងប្អូន និងគ្រួសារនិវត្តន៍ជនមានជីវភាពរស់នៅរបស់បងប្អូនដែលជួបការលំបាកដោយប្រការផ្សេងៗ បើទោះបីបងប្អូនរងភាពពិការព្រោះតែសង្គ្រាមក្ដី និងគ្រប់អាយុចូលនិវត្តន៍ក្ដី តែបងប្អូនមិនផ្តេកផ្តួលពឹងផ្អែកលើរាជរដ្ឋាភិបាលទាំងស្រុងនោះឡើយ និងកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានសំណូមពរដល់និវត្តន៍ជនទាំងអស់ សូមបន្តដឹកនាំក្រុមគ្រួសារ កូន ចៅ និងញាតិសន្តានថែរក្សាការពារសន្តិភាព ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អ ទើបយើងមានឱកាសរៀបចំកម្មវិធីបុណ្យនានា ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ។ សន្តិភាពគឺជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ កត្តាសុខសន្តិភាពគឺជាកត្តាដែលមិនអាចខ្វះបាននៃការរីកចម្រើនរបស់ប្រជាជាតិនីមួយៗ ដែលសន្តិភាពប្រៀបដូចជាអុកស៊ីសែន ដែលយើងត្រូវការជារៀងរាល់ថ្ងៃ និងជឿថាខ្មែរអាចធ្វើបាន។

សូមជម្រាបជូនថា គ្រូសារនិវត្តន៍ជនចំនួន៤៦នាក់ ក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូក្រាម ភេសជ្ជៈកូកាកូឡា១កេស ត្រីខ១យួរ ទឹកស៊ីអីវ១យួរ ទឹកត្រី១យួរ និងថវិកា៥ម៉ឺនរៀលផងដែរ៕

ដោយ បៃ ស៊ីថុន





