ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា រៀបចំពិធីសូត្រមន្ដលើករាសី សុំសេចក្ដីសុខ សេចក្ដីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពែណីជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៥-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត លើករាសី សុំសេចក្ដីសុខ សេចក្ដីចម្រើនដល់សមាជិក បុគ្គលិក មន្ដ្រីរាជការ នៅស្នាក់ការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដែលមានទីតាំងស្ថិតនៅអគារលេខ២៤០ វិថីឧកញ៉ាឈុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ដោយនិមន្តព្រះសង្ឃ១០អង្គ សូត្រមន្ត បង្សុកូលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩។

ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានរៀបចំពិធីសូត្រមន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ដល់ព្រះសង្ឃ ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ចឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណចំពោះសាមគ្គីភាពជាធ្លុងមួយ រវាងថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ក្នុងការបំពេញភារកិច្ចជាបន្តបន្ទាប់ ដែលស្តែងចេញតាមរយៈតំណាងនៃការអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសល និងបានរៀបចំពិធីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ៕


ដោយ សួស សំរិត





