អាជ្ញាធរជាតិព្រះវិហាររៀបចំពិធីក្រុងពលី នៅមុខប្រាសាទប្រាង្គប្រាសាទកោះកេរ ដើម្បីរំលឹកគុណប្រាសាទបុរាណខ្មែរ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៥-- ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានចំណុះអាជ្ញាធរជាតិព្រះវិហារប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ បានរៀបចំក្រុងពលីនៅមុខប្រាសាទប្រាង្គប្រាសាទកោះកេរ ដើម្បីរំលឹកគុណប្រាសាទបុរាណខ្មែរដែលនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ដោយក្នុងពិធីរំលឹកគុណនោះ នឹងមានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន១០៨អង្គផងដែរ។

បន្ទាប់ពីបញ្ចប់ពិធីក្រុងពលី ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានផ្តល់ជូនសម្ភារសិក្សាដល់សិស្សានុសិស្សដែលកំពុងសិក្សានៅក្នុង និងជុំវិញរមណីយដ្ឋានប្រាសាទកោះកេរ ប្រមាណ២០០នាក់ផងដែរ។

ក្នុងពិធីនោះក៏មានការនិមន្តចូលរួមពីព្រះបាឡាត់គុណខេត្តព្រះវិហារ ព្រមទាំងព្រះសង្ឃជាច្រើនអង្គ អាជ្ញាធរមូលដ្ឋានស្រុកគូលែនគ្រប់លំដាប់ថ្នាក់ ពុទ្ធបរិស័ទ និងសិស្សានុសិស្សប្រមាណជាង១០០អង្គ/នាក់ រៀបចំក្រុងពលីធ្វើពិធីរំលឹកគុណប្រាសាទបុរាណខ្មែរ និងបុព្វបុរសខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅមុខប្រាសាទប្រាង្គនៃរមណីយដ្ឋានប្រាសាទកោះកេរ៕



ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





