គណៈបញ្ជាការយោធាខេត្ត អានយ៉ាង ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់យោធភូមិភាគទី៣
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៥-- លោក វរសេនីយ៍ឯក ថាច់ ថាញ់ទូ មេបញ្ជាការ គណៈបញ្ជាការយោធាខេត្ត អានយ៉ាង នៃកងទ័ពប្រជាជនវៀតណាម កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៣ កងទ័ពជើងគោក ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ កងទ័ពជើងគោក បានសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកការជួបសំណេះសំណាលរបស់លោក វរសេនីយ៍ឯក ថាច់ ថាញ់ទូ នាពេលនេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចសហប្រតិបត្តិល្អរវាងយោធភូមិភាគទី៣ កងទ័ពជើងគោក និងបញ្ជាការយោធាខេត្ត អានយ៉ាងនៃកងទ័ពប្រជាជនវៀតណាម។

ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានថ្លែងអំណរគុណដល់លោក វរសេនីយ៍ឯក ថាច់ ថាញ់ទូ និងសហការីដែលបានអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៣ កងទ័ពជើងគោក ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ។ ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងយោធភូមិភាគទី៣ កងទ័ពជើងគោក ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង សូមជូនពរដល់ លោក វរសេនីយ៍ឯក ថាច់ ថាញ់ទូ និងសហការីទទួលបានជោគជ័យគ្រប់ភារកិច្ច ។

ជាការឆ្លើយតប លោក វរសេនីយ៍ឯក ថាច់ ថាញ់ទូ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





