ឯកឧត្ដម ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញត្រៀមកម្លាំងការពារសន្ដិសុខរួចរាល់ ដើម្បីទទួលនាយករដ្ឋមន្ដ្រីចិនមកធ្វើទស្សនកិច្ចនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥-- គណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយឱ្យបានខ្ពស់បំផុត ជូនគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាដើម្បីឱ្យការបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទទួលបានជោគជ័យ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយកងកម្លាំង មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។


ក្នុងកិច្ចប្រជុំ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ការរក្សានូវសន្តិសុខ សុវត្ថិភាព ជូនគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តមស៊ី ជីងពីង Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា ជារឿងសំខាន់ណាស់ ដោយកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខឱ្យបានល្អបំផុតទាំងមក ទាំងការស្នាក់នៅ និងការអញ្ជើញនិវត្តន៍វិញ ក្នុងនោះការរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថានក៏ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ឱ្យបានល្អបំផុត។
បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យរដ្ឋបាលនៅតំបន់មានហានិភ័យ មើលទាំងទីតាំងអាជីវកម្ម ចុះពិនិត្យដល់គោលដៅសំខាន់ៗមួយចំនួនទៀត ហើយអ្វីដែលទើសត្រូវធ្វើឱ្យស្អាត មុនប្រតិភូអញ្ជើញមកដល់ ចំពោះអនាម័យ បរិស្ថាន សំរាម ត្រូវតែស្អាតទាំងអស់ចាប់ពីព្រលានយន្តហោះរហូតដល់កន្លែងស្នាក់នៅ។


សូមជម្រាបជូនថា គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តម Xi Jinping នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ពោលគឺនៅព្រឹកទី១៧ ខែមេសា ដោយនឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនៅថ្ងៃទី១៨ ខែមេសា គណៈប្រតិភូជាន់ខ្ពស់នឹងធ្វើមាតុភូមិនិវត្តន៍ទៅសាធារណរដ្ឋប្រជាមានិតចិនវិញ ដោយមានមហាជនចូលរួមឈរទទួល និងជូនដំណើរចំនួន២៦០០០នាក់ ដោយចាប់ឈរពីក្លោងទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ VIP មកដល់កន្លែងស្នាក់នៅហើយបើតាមគម្រោងគណៈ ប្រតិភូជាន់ខ្ពស់នឹងធ្វើទស្សនកិច្ចព្រះបរមរាជវាំង វិមានព្រឹទ្ធសភា វិមានរដ្ឋសភា និងវិមានសន្តិភាពជាដើម៕

ដោយ សួស សំរិត





