អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ រំពឺងថា នឹងទទួលភ្ញៀវបានជិត២លាននាក់ក្នុង២០២៥
AKP សៀមរាប ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥--ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានបង្ហាញក្ដីរំពឹងថា នៅឆ្នាំនេះអាចនឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរតាមយន្តហោះឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ច្រើនជាងឆ្នាំកន្លងទៅ។ ក្ដីរំពឹងនេះ ស្របពេលដែលកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍ទាក់ទាញអ្នកទេសចរជាបន្តបន្ទាប់ឱ្យចូលមកលេងកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន កម្ពុជា-ចិន នៅថ្ងៃទី០៦មេសា ឆ្នាំ២០២៥ ឯកឧត្តមនាយកអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានលើកឡើងពីសក្ដានុពលធំធេងដែល អាកាសយានដ្ឋាននៅលើទឹកដីសៀមរាបនេះអាចមានសមត្ថភាពទទួលជើងហោះហើរមកពីគ្រប់ទិសទីនិងអាចទទួលភ្ញៀវបានរហូតដល់រាប់លាននាក់ក្នុង១ឆ្នាំ។


ដោយឡែកក្នុងឆ្នាំ២០២៥នេះ ឯកឧត្តម ប៊ុន រដ្ឋា បានមានប្រសាសន៍ថា«អាកាសយានដ្ឋានសៀមរាបអង្គរនេះ ឆ្នាំ២០២៤យើងទទួលបានភ្ញៀវជាតិនិងអន្តរជាតិជាង១.៤លាននាក់ ហើយក្នុងឆ្នាំ២០២៥នេះ យើងរំពឹងថា យើងនឹងទទួលបានភ្ញៀវប្រហាក់ប្រហែល១.៨លាននាក់»។
សូមបញ្ជាក់ថា ទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុង ឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអរង្គវត្ត ដែលធានាបានថា ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គរវត្ត និង សំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។ អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់ 4E មានផ្លូវរត់ ប្រវែង៣.៦០០ម៉ែត្រ និងទទឹងប្រវែង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃ ស្ថានីយអ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំ ប្រមាណជា ៧លាននាក់ ស្ថិតក្រោមកិច្ចព្រមព្រៀង BOT រយៈពេល៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការ ត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ គង់ សិរីរ័ត្ន





