កិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤
AKP កំពង់ធំ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញឹក បានខេង អភិបាលរងខេត្ត តំណាងខ្ពង់ខ្ពស់ឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម ដៀប ពីរី បានមានប្រសាសន៍លើកឡើងពីរបៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ១. ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមីនាឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត និង៣.បញ្ហាផ្សេងៗ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ខេត្តកំពង់ធំមានការរីកចម្រើនជាបណ្ដើរៗក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានការអភិវឌ្ឍ មានសោភ័ណភាពស្រស់ស្អាត មានការតុបតែងនៅតាមដងស្ទឹងសែន តាមមន្ទីរអង្គភាព តាមក្រុង/ស្រុក និងទីវត្តអារាម នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាកម្សាន្ត ព្រមទាំងមានរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់កងកម្លាំងទាំង៣ជូនបងប្អូនប្រជាពលរដ្ឋមកទស្សនាកម្សាន្តទាំងពេលយប់ និងពេលថ្ងៃ។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់សូមចូលរួមថែរក្សា និងទុកដាក់សំរាមឱ្យមានសណ្ដាប់ធ្នាប់ល្អចៀសវាងកុំចោលសំរាមផ្ដេសផ្ដាសធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។
លោក ញឹក បានខេង បានមានប្រសាសន៍ថា កិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយក្រុមការងារបានយកចិត្តទុកដាក់ទៅលើរបាយការណ៍ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែមីនាឆ្នាំ២០២៥ មានភាពច្បាស់ លាស់ត្រឹមត្រូវ និងត្រូវអនុវត្តបន្តទៀតនៅខែមេសាឱ្យមានលក្ខណៈច្បាស់លាស់។ សម្រាប់សង្ក្រាន្តខេត្តកំពង់ធំឆ្នាំ២០២៥នាពេលខាងមុខនេះ សូមឱ្យមន្ទីរអង្គភាពក្រុង/ស្រុកទាំងអស់ ចូលរួមផ្សព្វផ្សាយបន្ថែមទៀត សហការគ្នាមកកម្សាន្តសប្បាយឱ្យបានច្រើនកុះករដើម្បីលើកស្ទួយនៅប្រពៃណីជាតិខ្មែរយើង៕
ដោយ ស៊ុម វណ្ណា





