ខេត្តកំពតអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានល្អជាប់លេខ១ស្ទើរគ្រប់ឃុំសង្កាត់
AKP កំពត ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ -- សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ខេត្តកំពតអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពបានល្អជាងគេ ខេត្តមានឃុំសង្កាត់ជាប់ចំណាត់ថ្នាក់លេខ១ ចំនួន៨៥ និងលេខ២ចំនួន៨ឃុំសង្កាត់។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តកំពតបានកោតសរសើរ និងបានជំរុញលើកទឹកចិត្តឱ្យកម្លាំងសមត្ថកិច្ច អាជ្ញាធរនៅមូលដ្ឋានបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងភាពសុខសាន្តជូនដល់ពលរដ្ឋ និងភ្ញៀវទេសចរ។

លោកវរសេនីយ៍ឯក ដាន វុត្ថា ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានលើកឡើងថា ខេត្តកំពតបាន និងកំពុងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពបានល្អប្រសើរ ហើយនៅឆ្នាំ២០២៤កន្លងទៅ ឃុំសង្កាត់ចំនួន៨៥ជាប់ចំណាត់ថ្នាក់លេខ១ និង៨ឃុំសង្កាត់ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចលនាប្រឡងប្រណាំងភូមិឃុំសង្កាត់មានសុវត្ថិភាព។ ហើយសម្រាប់ត្រីមាសទី១ឆ្នាំ២០២៥នេះ ភូមិសាស្ត្រសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមខេត្ត មានភាពល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលបានរៀបចំធ្វើឡើងនៅសាលាខេត្ត នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានកោតសរសើរ និងជំរុញលើកទឹកចិត្តដល់កម្លាំងសមត្ថិកិច្ច និងអាជ្ញាធរនៅមូលដ្ឋានឱ្យបន្តខិតខំប្រឹងប្រែងដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងភាពសុខសាន្តជូនពលរដ្ឋ និងភ្ញៀវទេសចរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់សូមឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយរលូន និងពោរពេញដោយភាពសប្បាយរីករាយ៕
ដោយ ប្រាក់ លាង





