លោកជំទាវ ភឿង សកុណា ប្រគេនទេយ្យទានព្រះសង្ឃចំនួន៧វត្ត នៅស្រុករមាសហែក
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥-- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចូលក្រាបថ្វាយបង្គំព្រះសង្ឃ និងប្រគេនទេយ្យទានចំនួន ៧វត្ត នៅឃុំអណ្តូងត្របែក និងឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ទូលប្រគេនព្រះសង្ឃ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់និងជូនពរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ទទួលបាននូវភាពរីករាយ និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ទេយ្យទានដែលប្រគេនក្នុងមួយវត្តប្រគេននូវអង្ករ ២០០គីឡូក្រាម ទឹកសុទ្ធ ៤កេស ទឹកក្រូច ២កេស មី៤កេស ត្រីខកំប៉ុង ៤យួរ ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ ៤យួរ ប្រេងឆា ៤ដប ស្ករស ៤គីឡូក្រាម តែ ២កញ្ចប់ កាហ្វេ ២កញ្ចប់ ធូប ២ដុំ និងបច្ច័យមួយចំនួន៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





