អភិបាលស្រុកស្ទោងផ្ដល់អនុសាសន៍ល្អៗដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ
AKP កំពង់ធំ ថ្ងៃទី៩ ខែសីហាឆ្នាំ២០២៦--លោកសាយ គឹមឡមអភិបាលស្រុកស្ទោងបានផ្ដល់អនុសាសន៍ល្អៗជាច្រើនដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តដល់បេក្ខជននិងអាណាព្យាបាលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមកពីឃុំកំពង់ចិនត្បូងស្រុកស្ទោងខេត្តកំពង់ធំជាង១០០នាក់នៅអគាររដ្ឋបាលស្រុកស្ទោងកាលពីថ្ងៃទី០៨ខែសីហាឆ្នាំ២០២៦។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថាដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងនិងឯកឧត្តម ប៉ុញ សច្ចៈ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនត្បូងលើសុខទុក្ខប្រជាពលរដ្ឋជាពិសេសយុវជនជាបេក្ខជនដែលកំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១ ខែសីហាខាងមុខនេះ។ឯកឧត្តមប្រធានបានផ្តាំផ្ញើការសួរសុខទុក្ខនិងលើកទឹកចិត្ត ឱ្យប្អូនៗកូនក្មួយត្រៀមខ្លួន និងផ្ចង់ស្មារតីក៏ដូចជាថែទាំសុខភាពឱ្យបានរឹងមាំល្អប្រសើរក្នុងការចូលប្រឡងដើម្បីទទួលបាននូវលទ្ធផលនិងនិទ្ទសល្អប្រសើរគ្រប់ៗគ្នា។

លោកសាយ គឹមឡមអភិបាលស្រុកស្ទោងបានបន្ថែមថាក្នុងនាមជាបេក្ខជន និងជាអ្នកដែលត្រៀមចូលរៀនមហាវិទ្យាល័យឯកទេសសូមផ្ចង់ស្មារតីនិងមានទស្សនៈវែងឆ្ងាយ ចូលរៀនទៅតាមចំណង់ចំណូលចិត្តឧបនិស្ស័យនិងស្របតាមបរិបទសង្គមនិងវិទ្យាសាស្ត្រឌីជីថលក្នុងយុគសម័យដ៏ទំនើបនេះ និងទីផ្សារពលកម្មនិងបានណែនាំដល់កូនក្មួយជាបេក្ខជនគ្រប់រូបត្រូវធ្វើដំណើរទៅកាន់ទីរួមខេត្តកំពង់ធំ ឬទៅមណ្ឌលប្រឡងដោយស្មារតីនិងការយោគយល់ប្រុងប្រយ័ត្នខ្ពស់ដើម្បីធានានូវសុវត្ថិភាពផ្ទាល់ខ្លួន និងត្រៀមខ្លួនចូលប្រឡង ប្រកបដោយភាពជឿជាក់ខ្ពស់និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា និងឯកឧត្តម ប៉ុញ សច្ចៈ ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់ សុខទុក្ខ សុខុមាលភាព ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងក៏ដូចជានៅក្នុងឃុំកំពង់ចិនត្បូងទាំងមូល។

ទន្ទឹមនឹងនេះបេក្ខជនគ្រប់រូបបានសំដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តមប្រធានក្រុមការងារដែលបានឧបត្ថម្ភគាំទ្រលើកទឹកចិត្តដល់ប្អូនៗក្នុងការត្រៀមប្រលងនៅក្នុងឱកាសនេះនឹងបានគោរពជូនពរដល់ឯកឧត្តមប្រធានក្រុមការងារ ទទួលបានជ័យជំនះថ្មីៗថែមទៀត។

សូមបញ្ជាក់ថា ការជួបសំណេះស្មាលនៅក្នុងឱកាសនេះមានបេក្ខជនចំនួន ១២៦នាក់ក្នុងនោះឯកឧត្តម ប៉ុញ សច្ចៈបានឧបត្ថម្ភគាំទ្រលើកទឹកចិត្តក្នុងម្នាក់ចំនួន៥ម៉ឺនរៀលដោយឡែករដ្ឋបាលឃុំបានឧបត្ថម្ភបេក្ខជនស្វ័យរិនចំនួន១១នាក់ម្នាក់ៗចំនួន៥ម៉ឺនរៀល ហើយលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានឧបត្ថម្ភបន្ថែមដល់បេក្ខជនសិស្សក្រីក្រចំនួន១១នាក់ម្នាក់ៗចំនួន៥ម៉ឺនរៀលថែមទៀត៕
ដោយ ស៊ុម វណ្ណា





