ក្រសួងអប់រំ៖ ស្អែកជាថ្ងៃប្រឡងហើយ! សូមប្អូនៗបេក្ខជនទាំងអស់ទៅពិនិត្យមើលឈ្មោះ លេខតុ និងលេខបន្ទប់ប្រឡងឱ្យបានត្រឹមត្រូវ
AKP ភ្នំពេញ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦--នៅថ្ងៃស្អែកនេះជាថ្ងៃប្រឡងហើយ! សូមប្អូនៗបេក្ខជនទាំងអស់ទៅពិនិត្យមើលឈ្មោះ លេខតុ និងលេខបន្ទប់ប្រឡងឱ្យបានត្រឹមត្រូវ ញ៉ាំអាហារដែលមានជីវជាតិ សម្រាកឱ្យបានគ្រប់គ្រាន់ និងប្រកាន់ខ្ជាប់នូវបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។ នេះគឺជាការរម្លឹកពីក្រសួងអប់រំ យុវជន និងកីឡា ចំពោះបេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដែលឈ្មោះ លេខតុ លេខបន្ទប់ និងបទប្បញ្ញត្តិនានានៃការប្រឡងត្រូវបានបិទម្តងទៀតនៅមណ្ឌលប្រឡងនាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦នេះ ចាប់ពីម៉ោង ៩:០០ព្រឹកតទៅ។
ក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ការទៅពិនិត្យមើលឈ្មោះ លេខតុ និងលេខបន្ទប់ប្រឡងឱ្យបានត្រឹមត្រូវរបស់បេក្ខជនគឺជាការសំខាន់ និងចាំបាច់ខ្លាំងណាស់ ដោយនៅថ្ងៃទី០៣ ខែសីហា ក្រសួងបានបិទបញ្ជីឈ្មោះដើម្បីឱ្យបេក្ខជនបានដឹងថាខ្លួនត្រូវប្រឡងនៅមណ្ឌលណា ហើយនៅថ្ងៃទី០៩ សីហា ពោលគឺមុនថ្ងៃប្រឡង១ថ្ងៃ មានការបិទបញ្ជីឈ្មោះម្ដងទៀតនៅតាមមណ្ឌលប្រឡងទាំង២៤៤ ដើម្បីឱ្យបេក្ខជនពិនិត្យមើលលេខតុ និងបន្ទប់ប្រឡងជាក់ស្តែង។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ស្អែកនេះនឹងមានដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ រីឯលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស។
ការប្រឡងនេះមានបេក្ខជនចុះឈ្មោះសរុបចំនួន១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥នាក់ (ស្រី ២២ ១៩៣នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣នាក់ (ស្រី ៦២ ៥៤២នាក់)៕

ដោយ ចាន់ សុភឿន





