រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសូមអញ្ជើញមកកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥-- រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញមកទស្សនាកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ៣ថ្ងៃ និងផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ដោយមានកម្មវិធីសង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ និងបើកដំណើរការផ្លូវថ្មើរជើង (Walk Street) រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី ១២-១៦ ខែមេសា ឆ្នាំ២០២៥។
រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ និងញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅ ដោយអធិកអធមរក្សាបាននូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ព្រមទាំងផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់កិត្យានុភាពជាតិ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីនឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ” រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ២០៖០០នាទីយប់ អមដោយការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធីកម្សាន្តសប្បាយជាច្រើន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត ការតាំងបង្ហាញម្កុដអប្សរា-ពិណខ្នាតធំ និងការតាំងបង្ហាញផលិតផលខ្មែរ។
ជាមួយគ្នានេះដែរ ដើម្បីផ្តល់ភាពសប្បាយរីករាយបន្ថែមទៀត និងជាការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសាទរគាំទ្រដំណើរការផ្លូវថ្មើរជើង (Walk Street) រដ្ឋបាលរាជធានីភ្នំពេញនឹងបើកដំណើរការផ្លូវថ្មើរជើង (Walk Street) រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ តាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ ចាប់ពីមុខព្រះបរមរាជវាំង រហូតដល់រមណីយ ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។
ដើម្បីឱ្យការរៀបចំកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈល្អប្រសើរ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍នៅជុំវិញទីតាំងរៀបចំកម្មវិធី អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំចំណតយានយន្តសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកចូលរួមកម្សាន្តនៅ សង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ហើយសូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលពុំមានការចាំបាច់ សូមធ្វើការពង្វាងការធ្វើដំណើរឆ្លងកាត់បរិវេណទីតាំងខាងលើ និងសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យខ្ពស់៕


ដោយ សួស សំរិត





