អភិបាលស្រុកតាំងគោក ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់សិស្សក្រីក្រ ២៨នាក់ ត្រៀមប្រឡងបាក់ឌុប
AKPកំពង់ធំថ្ងៃទី១០ខែសីហាឆ្នាំ២០២៦--ដើមី្បជួយសម្រាលទុក្ខធុរៈនិងលើក កម្ពស់ស្មារតីដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតកាលពីរសៀលថ្ងៃទី០៩ខែសីហា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកតាំងគោក បានអញ្ជើញសំណេះសំណាល់ សួរសុខទុក្ខនិងប្រគល់ថវិកាឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រ ត្រៀមប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប)ចំនួន២៨នា ក់ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ។

សកម្មភាពចុះជួយដោយផ្ទាល់នេះគឺធ្វើឡើងស្របតាមអនុសាសន៍ និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំកំពូលនៃជាតិ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចង្អុលបង្ហាញ និងជំរុញយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលជានិច្ចកាលតែងតែដាស់តឿនដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំ សុខទុក្ខ និងអនាគតរបស់ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។

លោកអភិបាលស្រុកបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ លោកមេឃុំទាំង៨ ក្នុងស្រុកតាំងគោក ដែលបានខិតខំយកចិត្តទុកដាក់និងបានអញ្ជើញចូលរួមអមដំណើរ ដើមី្បជាកម្លាំងចិត្ត និងជាការលើកទឹកចិត្តយ៉ាងសំខាន់ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ក្នុងពិធីនេះ។

លោកបានផ្តល់អនុសាសន៍ផ្តាំផ្ញើយ៉ាងយកចិត្តទុកដាក់ដល់ប្អូនៗសិស្សា នុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនទំនុកចិត្តលើខ្លួនឯង និងត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពនិងបានក្រើនរំលឹកដល់ប្អូនៗថា ការថែរក្សាសុខភាព ត្រូវរៀបចំពេលវេលាសម្រាក និងគេងឱ្យបានគ្រប់គ្រាន់ដើមី្បឱ្យស្មារតីស្រឡះល្អ។ត្រូវប្រុងប្រយ័ត្នចំពោះការហូបចុក ដោយចៀសវាងដាច់ខាតនូវការហូបចំណីអា ហារម្ជូរ របស់ផ្អាប់ ឬអាហារគ្មានអនាម័យ ដែលអាចបណ្តាលឱ្យឈឺពោះ រាករូស និងរំខានដល់ដំណើរការនៃការប្រឡង។
ក្នុងឱកាសនោះលោកអភិបាលស្រុកបានប្រគល់ជូននូវថវិកាឧបត្ថម្ភដោយផ្ទាល់ដៃដល់សិស្សក្រីក្រទាំង២៨នាក់ ដោយក្នុង១នាក់ទទួលបាន ២០ម៉ឺនរៀលដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងការសិក្សា និងជាកម្លាំងចិត្តបន្ថែមក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងសម័យប្រឡងនាពេលខាងមុខ។

សកម្មភាពនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីយកចិត្តទុកដាក់ និងការរួមសហការគ្នាយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរដែនដីស្រុកតាំងគោក និងថ្នាក់ដឹកនាំឃុំទាំង៨ ក្នុងការលើកកម្ពស់វិស័យអប់រំ និងធនធានមនុស្សនៅក្នុងមូលដ្ឋាន៕
ដោយ៖ ស៊ុម វណ្ណា





