យុវជនមនសិកាពលរដ្ឋល្អចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសមិទ្ធផលនៅតំបន់ព្រំដែនកម្ពុជាវៀតណាម
AKP កណ្តាល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ -- លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមយុវជនមនសិការពលរដ្ឋល្អ បានដឹកនាំក្រុមយុវជនមនសិការពលរដ្ឋល្អ មកពីវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ និងវិទ្យាល័យ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ស្រុកកណ្តាលស្ទឹង ប្រមាណជាង ៣០០ នាក់ ចុះមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីសមិទ្ធផលនៅតំបន់ព្រំដែនកម្ពុជា វៀតណាម និងវត្តខេមររាជការាម ហៅវត្តប៉ាកណាម ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធផងដែរ ។

ថ្លែងទៅកាន់ក្រុមយុវជន លោក ប្រាក់ សារ៉ាត បានបញ្ជាក់ថា ការចុះធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់របស់ពួកយើងនាពីនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀត និងជាការជម្រះមន្ទិលសង្ស័យដែលពលរដ្ឋមួយចំនួននៅមិនទាន់មានភាពច្បាស់លាស់អំពីការងារព្រំដែន កម្ពុជា វៀតណាម។ ការចុះមកផ្ទាល់ដល់ទីតាំងឃើញដោយផ្ទាល់ភ្នែកពីស្ថានព្រំដែនបែបនេះ គឺជាភស្តុតាងយ៉ាងពិតប្រាកដដែលបានស្ដែងចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី តាមរយៈការបោះបង្គោលព្រំដែនច្បាស់លាស់ មិនដូចការផ្សព្វផ្សាយចោទប្រកាន់ថាបានបាត់បងទឹកដីនោះឡើយ។ ចំពោះ វត្តខេមររាជការាម ហៅនវត្តប៉ាកណាមនេះ គឺជាវត្តដែលស្ថិតនៅជាប់ព្រំដែន ដូចដែលក្មួយៗបានឃើញផ្ទាល់នឹងភ្នែកហើយថា ទឹកដីនេះគឺជារបស់យើង និងស្ថិតក្នុងដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា រីឯកាបញ្ចេញមតិរបស់អ្នកជ្រុលនិយមមួយចំនួន ដែលបាននិយាយថាវត្ត និងទឹកដីរបស់យើងនៅទីនេះត្រូវបានគេរំលោភបំពាន គឺជាការបំភ្លៃការពិតទាំងស្រុង។

នាឱកាសនោះ លោកអភិបាលរងខេត្តក៏បានស្នើដល់ក្រុមយុវជនទាំងអស់ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនាថ្ងៃនេះ សូមយកចំណេះដឹង បទពិសោធន៍ជាក់ស្ដែង និងស្ថានភាពពិតប្រាកដតាមបណ្ដោយព្រំដែន ផ្សព្វផ្សាយបន្តឱ្យបានយ៉ាងទូលំទូលាយទៅដល់យុវជនសិស្សានុសិស្ស មិត្តភក្កិ សាច់ញាតិបងប្អូន ដើម្បីឲ្យពួកគាត់ឈប់ច្រឡំតាមការបំភ្លៃរបស់ជនអគតិមួយចំនួនតទៅទៀត។

សូមបញ្ជាក់ថា នេះគឺជាលើកទី ២ ហើយដែលថ្នាក់ដឹកនាំ ខេត្តកណ្តាល បានដឹកនាំយុវជនមនសិកាពលរដ្ឋល្អ ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីសមិទ្ធផលនៅតំបន់ព្រំដែនកម្ពុជា វៀតណាម និងវត្តខេមររាជការាម ហៅវត្តប៉ាកណាម ស្ថិតក្នុងក្រុងសំពៅពូន៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





