សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន៖ តាមរយៈសមិទ្ធផលនានានៅវត្តឫស្សីជុកជើង បានបង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥-- សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ដែលបានសាងសង់អស់តម្លៃជាង១៨ម៉ឺនដុល្លារនៃបរិវេណវត្តឬស្សីជុកជើង ស្ថិតក្នុងភូមិឬស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ដោយតាមរយៈសមិទ្ធផលនានានៅវត្តឫស្សីជុកជើងបានបង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើងផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា ស្របពេលវិស័យអាណាចក្រ និងវិស័យពុទ្ធចក្របាន និងកំពុងតែបោះជំហានព្រមគ្នា និងមានការរីកចម្រើនលើកគ្រប់វិស័យ ទើបធ្វើឱ្យប្រជាពលរដ្ឋដែលកាន់នូវព្រះពុទ្ធសាសនា អាចមានលទ្ធភាព មានធនធានក្នុងការចូលរួមជាចាប់មគ្គផលដោយទឹកចិត្ត និងសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនានាក្នុងវត្តឬស្សីជុកជើង រួមមាន៖ របងវត្ត ខ្លោងទ្វារ អណ្តូងទឹក ឈាបនដ្ឋាន អាស្រម សាលាបង្សុកុល និងចាក់សាប។ តាមរយៈសមិទ្ធផលទាំងនេះអាចកសាងទៅបាន គឺសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមកជួបជុំ ប្រារព្ធពិធីសាសនាតាមបំណងប្រាថ្នា កសាងនូវបុណ្យកុសលរៀងៗខ្លួន ក្រោមម្លប់នៃសុខសន្តិភាព។

ទន្ទឹមនឹងនេះ សម្តេចកិត្តិសង្គហបណ្ឌិតបានអរគុណចំពោះគ្រូវិន័យបញ្ញាណ ធី រ៉ាវីន ព្រះចៅអធិការវត្តឫស្សីជុកជើង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះឯកឧត្តមនាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង ឯកឧត្តម យូ សេរីវុឌ្ឍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរកា លោកជំទាវ ពិ វណ្ណារី រួមជាមួយ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់ លោក លោកស្រី រួបរួមសហការគ្នាយ៉ាងល្អសម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លាសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា៕


ដោយ សួស សំរិត





