ឯកឧត្តម ឌិត ទីណា ជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពយោធភូមិភាគទី៥
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាង ក្រុមហ៊ុនសូគីម៉ិច នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន បញ្ជាការដ្ឋានយោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាដៃគូសម្ព័ន្ធមេត្រីភាព ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានមានប្រសាសន៍ថា ពិធីសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងក្រុមហ៊ុនសូគីម៉ិចនាពេលនេះ បានបង្ហាញពីការចូលរួមដឹងសុខដឹងទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធបានផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីចូលរួមចំណែកការពារបូរណភាពទឹកដី ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋតាមពាក្យស្លោក "ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា"។


ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និង ក្រុមហ៊ុនសូគីម៉ិច ដែលតែងតែជួយឧបត្ថម្ភដល់ បញ្ជាការដ្ឋានយោធភូមិភាគទី៥ នេះសរបញ្ជាក់ពីសន្តានចិត្តចែករំលែកដល់ការលំបាកក្នុងកងទ័ព សូមជូនពរ ឯកឧត្តម អស់លោក ជួបតែសេចក្តីសុខសេចក្តីចម្រើន ទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំថ្មីនេះ គ្រប់ៗគ្នា កុំបីអាក់ខាន។


អំណោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និង ក្រុមហ៊ុនសូគីម៉ិច ជូនយោធភូមិភាគទី៥ មាន អង្ករចំនួន១០តោន ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ ១២៥យួរ មី ២០០កេស ទឹកសុទ្ធ ៣០កេស ស្រាបៀរ ៥០កេស ទឹកក្រូច ១០កេស និង ថវិកា ចំនួន ៤០ ០០០ ០០០រៀល៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





