សត្វផ្សោតទន្លេ និងសត្វត្រីកម្រជាច្រើនទៀតកំពុងបង្ហាញវត្តមាន និងមានចំនួនកើនឡើងនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥-- ចំនួនត្រីផ្សោតទឹកសាបនាកន្លងមក មានការថមថយចុះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសក្នុងឆ្នាំ២០២៥ មានការកើនចំនួនឡើងបន្តបន្ទាប់ និងក្រៅពីនេះចំពោះសត្វត្រីកម្រដទៃទៀតក៏ឃើញមានវត្តមានបង្ហាញឱ្យឃើញបន្តបន្ទាប់ដូចគ្នាផងដែរ ដែលទាំងនេះបង្ហាញពីខិតខំកិច្ចការពារ និងអភិរក្សបានជោគជ័យរបស់កម្ពុជាយើង។ នេះជាការលើកឡើងពីសំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


បញ្ជាក់ក្នុងពិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា Cambodia International Film Festival នៅទី២៤ ខែមីនា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុងរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងកសិកម្មបានឱ្យដឹងថា ចំនួនសត្វផ្សោតទឹកសាបក្នុងឆ្នាំ២០២៤កន្លងមកមានការកើនចំនួនឡើងចំនួន៥ក្បាល ខណៈ២ទៅ៣ឆ្នាំមុនមានតែថយចុះ។ ដោយឡែកសម្រាប់ដើមឆ្នាំ២០២៥នេះ ចំនួនសត្វផ្សោតកើនឡើងចំនួន៣ក្បាលហើយ ចំណែកការស្លាប់របស់ពួកវាពុំទាន់ឃើញមានទេ។ លើសពីនេះយើងនៅមានធនធានត្រីកម្រផ្សេងៗជាច្រើនទៀតដូចជា បបែល យក្ស ដូចយើងបានដឹងហើយមានទម្ងន់ជាង៣០០ក្បាលឈ្មោះបរមី។ ថ្ងៃក្រោយយើងនឹងឃើញវាទៀត ហើយទម្ងន់វាអាចច្រើនជាងនេះបន្ថែមទៀត។ ក្រៅពីនេះយើងក៏មានត្រីគល់រាំង និងត្រីកម្រមួយចំនួនទៀតក៏បង្ហាញខ្លួនញឹកញាប់។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ដែរថា មួយរយៈពេលនេះ យើងឃើញថាពលរដ្ឋយើងបានយល់ដឹងច្រើនណាស់ ពោលគឺនៅពេលប្រជានេសាទរបស់យើងចាប់បានត្រីកម្រៗគាត់នឹងលែងទៅវិញ គាត់បានថតបង្ហាញ។គាត់បានចូលរួមអភិរក្សជាមួយគ្នាកាន់តែច្រើនឡើង។ ធនធានសត្វរបស់យើងបានកើតច្រើន ក្នុងនេះសត្វផ្សោតសមុទ្រ ជ្រូកទឹក ផ្សោតពណ៌ផ្កាឈូក ទាំងនេះដោយសារតែកម្ពុជាយើងបានធ្វើការអភិរក្សបានល្អ។ សម្រាប់ជ្រូកទឹកត្រូវការស្មៅសមុទ្រក្នុងទឹក។ប្រភេទស្មៅទឹកនេះដុះយឺតណាស់ មិនដូចស្មៅនៅលើគោកទេ។ បើកាលណាមានស្មៅទឹកយើងតែឃើញជ្រូកទឹកហ្នឹងមករកស៊ីចំណីរបស់វាហើយ។ ក្រៅពីនេះយើងក៏មានក្រពើភ្នំដែលបានលែងច្រើននាកន្លងមក។ ក្រពើភ្នំនេះយើងមានច្រើនជាងគេលើពិភពលោក។ចំណែកអណ្តើកហ្លួងក៏ដូចគ្នា ជាសត្វតំណាងនិមិត្តរូបនៃប្រទេសកម្ពុជា យើងបង្កាត់មេពងបានកូនយកទៅលែង។ ទាំងអស់នេះគឺជាមួយផ្នែកមួយទៀតរបស់យើងក្នុងការខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងក៏ដូចជាថែរក្សាសត្វកម្រៗរបស់យើងឱ្យគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត។


លោកស្រី អេលីស្សា ឆេឃ័រ (Alissar Chaker) តំណាងអង្គការ UNDPប្រចាំកម្ពុជាបានថ្លែងបញ្ជាក់ថាការកាត់បន្ថយបំពុលបរិស្ថានតាមដងទន្លេមេគង្គ ការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមសហគមន៍មូលដ្ឋានរបស់កម្ពុជា។រួមទាំងកម្ពុជាសម្បូរទៅដោយសក្តានុពលធនធានធម្មជាតិ និងរួមទាំងធនធានជីវចម្រុះលក្ខណៈពិសេសដែលទីកន្លែងដទៃទៀតគ្មាននោះកម្ពុជាបានក្លាយជាតំបន់ដ៏មានសារៈសំខាន់ក្នុងកិច្ចការពារ។ ទោះបីយ៉ាងណាធនធានទាំងនេះអាចទទួលរងផលប៉ះពាល់ដោយសារស្នាដៃឬសកម្មភាពរបស់មនុស្ស។ ក្រៅពីនេះក៏អាចទទួលរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុផងដែរ។ តាមរយៈនេះហើយទើបអង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តគាំទ្រ និងការពារនូវធនធានទាំងនេះ។មានអ្នកជំនាញជាច្រើនបានចូលរួមការពារអភិរក្សរបស់មានតម្លៃទាំងនេះ។កម្ពុជាក៏ជាប្រទេសមួយបានទទួលការចូលរួមពីអ្នកជំនាញទាំងនេះផងដែរ។ ត្រូវចងចាំថាពលរដ្ឋ ក៏ដូចជាយុវជនដែលបានចូលរួមកិច្ចការពារបរិស្ថានទោះបីបន្តិចបន្តួច ឬ ច្រើនក្តីក៏មានចំណែកចូលរួមការពារធនធានធម្មជាតិទាំងនេះផងដែរ៕
ដោយ៖ ដេប៉ូ





