ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ាន់ មាច នាំយកអំណោយសម្តេចធិបតីចែកជូនគ្រួសារអតីតយុទ្ធជននៅស្រុកគងពិសី
AKP កំពង់ស្ពឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ាន់ មាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្ត និងជាប្រធានសមាគមន៍អតីតយុទ្ធជនខេត្តកំពង់ស្ពឺ និងលោក ហន ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជាស្រុកគងពិសី នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនគ្រួសារអតីតយុទ្ធជនចំនួន២០គ្រួសារនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាន់ មាច បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចធិបតី និងឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺជូនដល់គ្រួសារអតីតយុទ្ធជនទាំងអស់ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អតីតយុទ្ធជនដែលបានបំពេញតួនាទី ភារកិច្ចបានល្អ និងស្មោះត្រង់រយៈពេលកន្លងមក។ សម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារអតីតយុទ្ធជន និងអតីតយុទ្ធជន។

ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងថា "ក្រោមម្លប់សន្តិភាពប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការកើនឡើងយ៉ាងឆាប់រហ័ស ធានាបាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ"។ ក្នុងនោះបងប្អូនអតីតយុទ្ធជនបានចូលរួមយ៉ាងសកម្ម ឆ្លងកាត់ការលំបាកក្នុងអតីតកាល និងរៀបចំស្តារឡើងវិញនូវប្រព័ន្ធរដ្ឋបាល នោះជាការចាប់ផ្តើមដំបូង ឆ្លងកាត់ការលំបាក ជួបប្រទះព្យុះភ្លៀងទម្រាំធ្វើឱ្យកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍មកដល់សព្វថ្ងៃ ហើយសមិទ្ធផលដែលកើនមានមកដល់បច្ចុប្បន្នគឺបានមកមិនអាចខ្វះបានពីបងប្អូនអតីតយុទ្ធជនរបស់យើង។ ឯកឧត្តមបានរំលឹកថា ការជួបសំណេះសំណាលនេះយើងបានរៀបចំធ្វើក្នុងគោលបំណងផ្សារភ្ជាប់មនោសញ្ចេតនា កតញ្ញូតាធម៌ចំពោះអតីតយុទ្ធជនយើង៕

ដោយ លឹម សាន្ត





