ខេត្តកំពង់ចាមប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
AKP កំពង់ចាម ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ -- នៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្ធ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្រោមអធិបតីភាពរបស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន ប្រមាណជិត១.០០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថាការប្រារព្ធទិវាវប្បធម៌ជាតិនេះ គឺជាការជំរុញ និងផ្សព្វផ្សាយ ក៏ដូចជាការក្រើនរម្លឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាងស្នងឬស្សី ចូលរួមថែរក្សាការពារ សម្បត្តិវប្បធម៌ជាតិ និងចូលរួមធ្វើការអភិរក្ស ដោយបំផុសចលនារៀបចំប្រកួតប្រជែងនានា ដោយផ្តោតលើប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងបង្កើតព្រឹត្តិការណ៍វប្បធម៌ផ្ទាល់ខ្លួននានា តាមរយៈកម្មវិធីនានានិងតាមបណ្តាញសង្គម ដើម្បីទាក់ទាញ ពួកគេឱ្យក្លាយជាអ្នកស្រឡាញ់វប្បធម៌ជាតិ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា វប្បធម៌ជាតិគឺជាស្ពានចម្លងរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកម្ពុជាតាមរយៈការផ្សព្វផ្សាយអំពីវប្បធម៌ជាតិ ដើម្បីលើកកម្ពស់នូវសក្តានុពល ទេសចរណ៍វប្បធម៌ជាតិ តាមរយៈតម្លៃវប្បធម៌ជាតិ ជាការួមចំណែកដ៏សំខាន់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋតាមរយៈចំណូលដោយផ្ទាល់ពីភ្ញៀវទេសចរនោះ និងបានណែនាំដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់បទល្មើសឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ ទីវត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ដែលមាន អាយុកាលរាប់រយឆ្នាំនៅតាមមូលដ្ឋាននានា ដើម្បីត្រូវរួមគ្នាបន្តការងារអភិរក្សបេតិកភណ្ឌ វប្បធម៌អរូបីទាំងឡាយរបស់ជាតិ ដែលបានបាត់បង់ និងត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីយកមកបង្ហាត់បង្ហាញផ្ទេរចំណេះដឹងឱ្យយុវជនបន្តវេនជំនាន់ក្រោយ៕

ដោយ ឆាយ ម៉ុត





