យុវជន ឡាយ សំណាង ទទួលបានផ្ទះថ្មថ្មី១ខ្នងដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ -- កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសាងសង់ផ្ទះថ្ម១ខ្នង ទំហំ ៤ម៉ែត្រ x ១៦.៥ម៉ែត្រ កម្ពស់ ៤.២ម៉ែត្រ ចំណាយថវិកាអស់ ២៣.៣០០ដុល្លារអាមេរិក ជូនយុវជន ឡាយ សំណាង ដែលមានពិការភាព និងក្រុមគ្រួសារ ដែលរស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយពិធីប្រគល់-ទទួលផ្ទះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយដោះស្រាយខាងផ្នែកជីវភាពរស់នៅជាបន្តបន្ទាប់ដល់ក្មួយ ឡាយ សំណាង និងក្រុមគ្រួសារ និងសូមឱ្យក្មួយត្រូវផ្តោតការយកចិត្តទុកដាក់លើការសិក្សា ជាពិសេសឪពុកម្តាយ បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយក៏បានជំរុញលើកទឹកចិត្តកូនឱ្យទៅសិក្សារៀនសូត្រ ដែលនេះគឺជាគំរូដ៏ល្អមួយសម្រាប់យុវជនដទៃទៀត។
ជាមួយគ្នានេះដែរ លោកជំទាវបានអំពាវនាវដល់សិស្សានុសិស្ស និងក្មួយៗដែលមានការលំបាកខាងផ្នែកជីវភាពយ៉ាងណាក៏ដោយ គឺសុំលើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ជួយជំរុញកូនៗឱ្យបានទៅសាលារៀនដើម្បីមានអនាគតល្អ ហើយក្នុងនាមយុវជនខ្លួនឯងត្រូវខិតខំសិក្សារៀនសូត្រ ស្វែងរកចំណេះវិជ្ជា ព្រោះថាមានតែចំណេះវិជ្ជាទេ ដែលធ្វើឱ្យយើងមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើការងារបាន និងចៀសផុតពីភាពក្រីក្រ។ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។ ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
យុវជន ឡាយ សំណាង និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ និងបានប្តេជ្ញាចិត្តថាខិតខំរៀនសូត្របន្តទៅមុខទៀត ដើម្បីសម្រេចក្តីបំណង ជាពិសេសមិនធ្វើឱ្យអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។

សូមជម្រាបជូនថា យុវជន ឡាយ សំណាង មានអាយុ២១ឆ្នាំ កំពុងសិក្សានៅថ្នាក់ទី១២ នៃវិទ្យាល័យក្រុងកំពង់ឆ្នាំង រស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មិនត្រឹមតែមានពិការភាពជើងមួយចំហៀងនោះទេ ដោយតម្រូវឱ្យទៅវះកាត់ឆ្អឹងដុះមកជាប្រចាំទៀតផង តែទោះបីជាបែបនេះក្ដី ក៏រូបគេមិនបានបោះបង់ការសិក្សាចោលដែរ ទាំងដែលខ្លួនពិបាកក្នុងការធ្វើដំណើរហើយ គ្រួសារក៏មានជីវភាពខ្វះខាតទៀតផង ខិតខំជម្នះបញ្ហាគ្រប់បែបយ៉ាងបន្តការសិក្សាតាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។ ទោះបីជាមានពិការភាពផ្នែកកាយសម្បទាមែនពិត ប៉ុន្តែទឹកចិត្តនិងការគិតគូរពីអនាគតរបស់យុវជន ឡាយ សំណាង គឺមិនមានពិការភាពឡើយ ព្រោះរូបគេយល់ច្បាស់ថា មានតែការព្យាយាមសិក្សារៀនសូត្រតែមួយមុខគត់ដែលអាចធ្វើឱ្យអនាគតភ្លឺស្វាងនាពេលអនាគតបាន ជាពិសេសមានក្តីស្រមៃចង់បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទៀតផង។
អំណោយសម្រាប់សង្កត់ផ្ទះ រួមមាន អង្ករ ១០០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកស៊ីអ៊ីវ២យួរឃីត (មុង ភួយ សារុង ក្រមា) ២ឃីត ទឹកក្រូច ៤កេស ទឹកបរិសុទ្ធ ៤កេស សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ៥០ម៉ឺនរៀល៕
ដោយ ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





