ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា គូសបញ្ជាក់ថា បច្ចេកវិទ្យាខាងផ្នែកអប់រំក្នុងសម័យទំនើបនេះបានជំរុញឱ្យការសិក្សារបស់សិស្សប្រសើរជាងមុន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋានមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយបានគូសបញ្ជាក់ថា បច្ចេកវិទ្យាខាងផ្នែក អប់រំក្នុងសម័យទំនើបនេះបានជំរុញឱ្យការសិក្សារបស់សិស្ស និស្សិត កាន់តែប្រសើរជាងមុន រីឯការបង្រៀនរបស់គ្រូក៏ងាយស្រួលជាងមុន ហើយចំពោះលទ្ធផលនៃការធ្វើកំណែទម្រង់សាលារៀនក៏កាន់តែ លើកកម្ពស់ល្អប្រសើរជាងមុនផងដែរ។ ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា ដូចនេះធ្វើ ឡើងក្នុងវគ្គបំប៉នសមត្ថភាពការប្រើប្រាស់អែបទូរសិក្សា និងអក្ខរា ក្នុងក្របខណ្ឌសាលារៀនសុវណ្ណភូមិទូទាំងរាជធានី ខេត្ត នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានបន្តថា ថ្ងៃនេះយើងបានធ្វើការចែករំលែកការអភិវឌ្ឍពីការសិក្សា តាមប្រព័ន្ធឌីជីថលដែលយើងហៅថាទូរសិក្សា ដែលការចែករំលែកនេះមានន័យថាជាការសហការគ្នាក្នុងការលើកកម្ពស់លទ្ធផលនៃការសិក្សា ហើយតាមរយៈការជួបជុំគ្នានៅថ្ងៃនេះក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបានស្តាប់ពីតម្រូវការរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សអំពីបរិវត្តន៍កម្ម ឌីជីថល ដែលក្រសួងអប់រំ យុវជន និងកីឡា មានលេខាធិការដ្ឋានមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយជាសេនាធិការ ត្រូវផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងសាលារៀននៅទូទាំងប្រទេស គឺទាំងសាលារៀនរដ្ឋ និងសាលារៀនឯកជន ដើម្បីឱ្យសិស្ស និស្សិតរបស់យើងអាចប្រើប្រាស់បច្ចេកវិទ្យាអប់រំនេះកាន់តែងាយស្រួលជាងមុន ខណៈដែលបច្ចេកវិទ្យាអប់រំនេះបាន និងកំពុងវិវឌ្ឍន៍ទៅមុខយ៉ាងលើឿន ដោយយើងមិនអាចចេះអ្វីមួយនៅថ្ងៃនេះហើយអាចប្រើជារៀងរហូតនោះទេ។

ដូច្នេះយើងត្រូវតែធ្វើការជាមួយគ្នារវាងក្រសួង សាលារៀន គ្រូបង្រៀន និងសិស្ស ដើម្បីធ្វើការប្រើប្រាស់វា និងឱ្យស្របតាមការវិវឌ្ឍន៍ដោយឥតឈប់ឈររបស់វា ស្របតាមចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានសង្កត់ធ្ងន់លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជារឿងសំខាន់ និងចាំបាច់ក្នុងការលើកកម្ពស់ការបង្រៀន ការរៀន និងការគ្រប់គ្រងសាលារៀន ដែលឆ្នាំនេះយើងសង្កត់ធ្ងន់ទៅលើការងារនេះដើម្បីជំរុញឱ្យមានភាពកាន់តែប្រសើរឡើងចំពោះវិស័យអប់រំនៅកម្ពុជា។

ក្នុងឱកាសនេះ លោក ឃឹម ផុន នាយកប្រតិបត្តិសាសារៀនសុវណ្ណភូមិបានថ្លែងថា តាមរយៈបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋានមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ លោកគិតថា សាលារៀនសុវណ្ណភូមិអាចនឹងទាញយកប្រយោជន៍បានច្រើនពីកម្មវិធទូរសិក្សា ក៏ដូចជាកម្មវិធីអក្ខរានេះ ហើយថា សាលារៀនសុវណ្ណភូមិពិតជារីករាយក្នុងការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងគុណភាពអប់រំ ស្របពេលដែលសាលារៀនសុវណ្ណភូមិបានចូលរួមក្នុងការអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាជាច្រើនដើម្បីផ្តល់ផលប្រយោជន៍ទៅដល់សិស្សដែលជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិរបស់យើងរួចមក ហើយនោះ៕
ដោយ៖ ចាន់ សុភឿន





