ជំនួបរវាងឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា ជាមួយប្រធានតំណាងអង្គការអន្តរជាតិនៃភាសាបារាំងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥-- នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានទទួលជួបពិភាក្សាការងារជាមួយលោក Edgar Doerig ប្រធានតំណាងអង្គការអន្តរជាតិនៃភាសាបារាំង (ហ្វ្រង់កូហ្វូនី) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយក្នុងជំនួបនេះឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វ្រង់កូហ្វូនីជាមួយនឹងកម្ពុជា ដែលហ្វ្រង់កូហ្វូនី គឺជាអង្គការអន្តររដ្ឋាភិបាល និងមានរដ្ឋចំនួន៩៣ ឬរដ្ឋាភិបាលជាអតីតទឹកដីនៃអាណានិគមបារាំងជាសមាជិក។

បើតាមលោក Edgar Doerig ថា បេសកកម្មរបស់អង្គការអន្តរជាតិនៃភាសាបារាំង (ហ្វ្រង់កូហ្វូនី) គឺដើម្បីកសាងសាមគ្គីភាពសកម្មរវាងរដ្ឋជាសមាជិក និងរដ្ឋាភិបាលរបស់ខ្លួន រួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនរបស់ខ្លួន គាំទ្រសមាជិកក្នុងការរក្សាភាពល្អិតល្អន់ ឬការបង្រួបបង្រួមនយោបាយ និងអនុវត្តសកម្មភាពនយោបាយអន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី។ បន្ថែមពីនេះបេសកកម្មរបស់អង្គការអន្តរជាតិនៃភាសាបារាំង (ហ្វ្រង់កូហ្វូនី) គឺដើម្បីលើកកម្ពស់ភាសាបារាំង និងភាពចម្រុះនៃវប្បធម៌ និងភាសា លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គាំទ្រដល់ការអប់រំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងឧត្តមសិក្សា និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា មានប្រសាសន៍ថា កន្លងមកអង្គការអន្តរជាតិនៃភាសាបារាំង (ហ្វ្រង់កូហ្វូនី) បានអនុវត្តគម្រោងជាច្រើនរួមទាំងគម្រោងទេសចរណ៍ប្រកបដោយនិរន្តរភាព និងការបង្កើតសក្តានុពលនៃមជ្ឈមណ្ឌលថ្នាក់តំបន់សម្រាប់ភាសា និងវប្បធម៌បារាំង វគ្គហ្វឹកហ្វឺនក្រោមជំនួយអង្គការហ្វ្រង់កូហ្វូនី ដោយកន្លងមកក្រោមការសម្របសម្រួលរបស់ទីប្រឹក្សាបារាំង ប្រចាំមជ្ឈមណ្ឌល ជាតិរក្សាសន្តិភាពវគ្គសិក្សានាយទាហានសេនាធិការ និងសង្កេតការណ៍យោធាអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានឧដុង្គ ដោយបានទទួលការឧបត្ថម្ភគាំទ្រជាហរិញ្ញប្បទានពីអង្គការហ្វ្រង់កូហ្វូនី និងវគ្គសិក្សាបំប៉នបន្ថែមផ្នែកភាសាបារាំងផងដែរ។ ចំពោះចំនួនសិក្ខាកាមដែលបានសិក្សាភាសាបារាំងក្រោមជំនួយអង្គការហ្វ្រង់កូហ្វូនីមានចំនួន២០នាក់ ដែលសិក្ខាកាមទាំងនេះនឹងត្រូវបញ្ជូនទៅបំពេញបេសកកម្មនាពេលខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានសំណូមពរដល់អង្គការហ្វ្រង់កូហ្វូនីឱ្យជួយបំពាក់ឧបករណ៍សម្រាប់ថ្នាក់ភាសាបារាំង បន្តសហការ និងផ្តល់ជំនួយដល់សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ឱ្យក្លាយជាសាលាគំរូថ្នាក់តំបន់ជាដើម៕

ដោយ៖ ចាន់ សុភឿន





