វគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅស្រុកប្រាសាទបល្ល័ង្ក
AKP កំពង់ធំ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥--មន្ទីរកិច្ចការនារីខេត្តកំពង់ធំសហការជាមួយគម្រោងQSA បានបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្រោមអធិបតីភាពលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីលោកស្រី ឃួន ឡេ អភិបាលរងស្រុកប្រាសាទបល្ល័ង្ក មន្រ្តីមន្ទីរកិច្ចការនារីខេត្ត ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋក្នុងឃុំទួលគ្រើល និងឃុំសាលាវិស័យ។ វគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីរៀបចំឡើងនៅពីរទីតាំងផ្សេងគ្នា។ពេលព្រឹកនៅបរិវេណវត្តក្រពើចាស់ឃុំទួលគ្រើលមានប្រជាពលរដ្ឋចូលរួមសរុប១០២នាក់ (ស្រី៥៤នាក់) និងពេលរសៀលនៅបរិវេណវត្តខ្វាន់ទៀងឃុំសាលាវិស័យមានប្រជាពលរដ្ឋចូលរួមសរុប១០៤នាក់ (ស្រី៨៥នាក់)។

ក្នុងឱកាសនោះ លោកស្រី ស៊ិន ស៊ីផាន បានមានប្រសាសន៍ថា ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនក្នុងគ្រួសារនិងសហគមន៍ឱ្យយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចតាមរយៈការផ្តល់ចំណេះដឹងជំនាញដែលទុនទាំងនេះអាចធ្វើឱ្យស្ត្រីអាចរកប្រាក់ចំណូលបានដោយខ្លួនឯងនឹងអាចធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។

លោកស្រីប្រធានមន្ទីរបានមានប្រសាសន៍បន្តថា កាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិដូចជាការសិក្សារៀនសូត្រមិនបានវែងឆ្ងាយ ពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍសង្គម។ ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ស្ត្រី និងកុមារីឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រនិងគោលដៅជាច្រើនក្នុងការពង្រឹងចំណេះដឹងជំនាញបច្ចេកទេសផ្សេងដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសាររបស់ពួកគាត់។ ក្នុងនោះដែរលោកស្រីប្រធានមន្ទីរក៏បានបញ្រ្ជាបនូវច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនផងដែរ។

លោកស្រី ឃួន ឡេ អភិបាលរងស្រុកប្រាសាទប័ល្លង្កបានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់សូមជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តីបានចូលរួមការងារផ្សេងៗនៅក្នុងសង្គម ដើម្បីទទួលបានចំណេះដឹងជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ វគ្គអប់រំផ្សព្វផ្សាយនេះប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងសម្រេចបានតាមគោលបំណងដែលបានគ្រោងបានចូលរួមចំណែកក្នុងការលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចរបស់ស្រ្តី ឱ្យមានភាពប្រសើរឡើង៕


ដោយ ស៊ុម វណ្ណា





