រដ្ឋបាលខេត្តសៀមរាបបើកយុទ្ធនាការ “គ្រប់គ្រាន់”
AKP សៀមរាប ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តសៀមរាបបានសហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បើកយុទ្ធនាការមួយដោយដាក់ឈ្មោះថា “គ្រប់គ្រាន់” កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ពោលសំដៅទៅលើជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់សម្រាប់កុមារកម្ពុជា ដែលយុទ្ធនាការនេះបានប្រារព្វធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ភឹង ចិន្តារ៉េត សមាជិកក្រុមប្រឹក្សាខេត្ត លោក លី សារី អភិបាលរងខេត្ត និងលោក ជេនេស អ៊ីម៉ានូអែលហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីសមាជិកក្រុមការងារដឹកនាំសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប ព្រមទាំងអាជ្ញធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពអ្នកពាក់ព័ន្ធ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត អង្គការដៃគូ ប្រមាណជាង ៥០០នាក់ចូលរួម។ ក្នុងយុទ្ធនាការនេះ ក៏បានផ្សព្វផ្សាយពីផលិតផលត្រីកែច្នៃ និងផលិតផលកសិកម្មក្នុងស្រុក ដោយមានការដាក់តាំងនូវបន្លែស្រស់ៗ និងត្រីសាច់ដែលបានដាំដុះនិងកែឆ្នៃនៅក្នុងស្រុកផ្ទាល់តែម្តង។

មានប្រសាសន៍ក្នុងយុទ្ធនាការនោះ លោក ជេនេស អ៊ីម៉ានូអែលហ្គីនទីញ បានលើកឡើងថា បច្ចុប្បន្នអង្គការទស្សនៈពិភពលោកបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបយ៉ាងសកម្ម ទៅនឹងសុខុមាលភាពកុមារកម្ពុជានៅតាមមូលដ្ឋាន និងសហគមន៍ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទីនិងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ដែលគាំទ្រដល់ការអភិវឌ្ឍជនបទសំដៅធានាសន្តិសុខស្បៀង និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទផងដែរ។

លោកបានលើកឡើងទៀតថា បាយ និងស្ករបានគ្រប់ដណ្តប់ជិត៨០ភាគរយនៃបរិមាណកាឡូរី ដែលធ្វើឱ្យរបបអាហារខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ប្រហែល៤២ភាគរយនៃកុមារអាយុពី៦ ទៅ២០ខែ ដោយទទួលបានរបបអាហារដែលអាចទទួលយកបានតិចតួចបំផុត។

ក្នុងឱកាសនោះ លោក លី សារី ក៏បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តសៀមរាប បានគាំទ្រ និងផ្ដល់កិច្ចសហការដល់អង្គការទស្សនៈពិភពលោក ដើម្បីរៀបចំពិធីសម្ពោធយុទ្ធនាការគ្រប់គ្រាន់ ក្រោមពាក្យស្លោក ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ ដល់កុមារទូទាំងប្រទេសកម្ពុជានេះឡើង ដើម្បីអំពាវនាវឱ្យមានការវិនិយោគ ភាពជាម្ចាស់ និងការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អរបបអាហារដែលមានសុខភាព ជំរុញការប្ដេជ្ញាចិត្ត ក្នុងចំណោមភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តយុទ្ធសាស្ត្រសន្តិសុខភាពស្បៀងជាតិ ឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយស្តី អំពីសុវត្ថិភាពចំណីអាហារ របបអាហារដែលមានសុខភាពល្អ ការជ្រើសរើសអាហារនិងទម្លាប់នៃការបរិភោគឱ្យបានសមស្របដូចជាបន្លែបៃតង ដែលជួយផ្ដល់អាហារូបត្ថម្ភដល់កុមារយ៉ាងខ្លាំងផងដែរ។ ការកើនឡើងនៃតម្លៃអាហារ១០ភាគរយនៅឆ្នាំ២០៣០ និង២០ភាគរយនៅឆ្នាំ២០៥០ ដោយសារការកើនឡើងនៃថ្លៃដើមធាតុចូលកសិកម្ម វិបត្តិហិរញ្ញវត្ថុសកល សង្គ្រាម និងការប្រែប្រួលអាកាសធាតុដែលអាចធ្វើឱ្យប្រជាជន ដែលងាយរងគ្រោះអាចជួបការលំបាកកាន់តែខ្លាំង ក្នុងការទទួលបានអាហារដែលមានជីវជាតិ។ ហើយដែលកត្តាទាំងនោះវារួមចំណែកដល់អសន្តិសុខស្បៀង និងគម្រាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសស្ត្រីនិងកុមារ។

ទន្ទឹមនឹងនេះ លោកបានបន្តទៀតថា ដើម្បីឆ្លើយតបបញ្ហាទាំងនោះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ និងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានថ្លែងនៅឱកាសទិវាអាហារូបត្ថម្ភជាតិលើកទី១១ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថា ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះនិងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ តាមសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងោ្យបានគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុនដើម្បីបរិភោគ រួមមានគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងប្រតិបត្តិអនាម័យ ដើម្បីទទួលបានអាហារូបត្ថម្ភនិងមានសុខភាពល្អ ជាពិសេសត្រូវបង្កើនចលនាយុវជនយល់ដឹងពីរបៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិលស្ករ ខ្លាញ់ និងសារធាតុបន្ថែម រសជាតិផ្សេងៗទៀតក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារខ្មែរដែលសម្បូរសារជាតិ និងមានសុវត្ថិភាព៕

ដោយ ហង្ស សៀក





