នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រជុំត្រួតពិនិត្យបទល្មើសនេសាទគ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប ដោយមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរង បណ្តាខេត្តជុំវិញបឹងទន្លេសាប មេបញ្ជាការកងឯកភាព ប្រធានស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់។

ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាបរបស់កងទ័ពជើងគោក បានរាយការណ៍សង្ខេបអំពីលទ្ធផលបង្រ្កាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប ក្នុងត្រីមាស១ ឆ្នាំ២០២៥ ដោយដំណាក់កាលអនុវត្តន៍មាន០៣។ ជាលទ្ធផលសរុបរួម បំផ្លាញឡុកចំនួន ៧ ២២៥ គ្រឿង ស្បៃមុងគ្រប់ប្រភេទចំនួន ២ ៨០០ ៩៩៤ ម៉ែត្រ ក្បាល អ៊ុយ ស្បៃមុង បរ ចំនួន ១ ១៩៤ក្បាល ឡុក និងអ៊ុយ ចំនួន ៧ ៤០៦មាត់ លប បង្គោលចម្រឹងចំនួន ៥៩០ ០៧១ដើម លែងត្រីចំនួន ២៧ ៣៦៥គីឡូក្រាម លែងលៀសចំនួន៧២៥តោន ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីចំនួន៣១៥គ្រឿង កាំភ្លើងខ្យល់ចំនួន០១ដើម ដកហូតទូកចំនួន៥៦គ្រឿង រថយន្តចំនួន០២គ្រឿង ម៉ាស៊ីនទូកចំនួន១៤គ្រឿង ម៉ាស៊ីនរែងលៀសចំនួន០៨គ្រឿង ម៉ាស៊ីនប៉ូមខ្យល់ចំនួន០៤គ្រឿង កាំភ្លើងច្នៃចំនួន០១ដើម ឧបករណ៍ឆក់ត្រជាក់ចំនួន១៥គ្រឿង អាគុយចំនួន ២១គ្រាប់ ឧបករណ៍អូសលៀសចំនួន ០១ឈុត និងសម្ភារមួយចំនួនទៀត អប់រំប្រជាពលរដ្ឋ អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន ១ ១៨៧នាក់ ធ្វើកិច្ចសន្យាប្រជានេសាទចំនួន៤៤១នាក់ ទូកចំនួន៩៨គ្រឿង ឃាត់ខ្លួនជនសង្ស័យចំនួន៤៧៨នាក់។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាបរបស់កងទ័ពជើងគោក សម្រេចបានក្នុងកិច្ចការបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ ទាំងយប់ ទាំងថ្ងៃ និងជារៀងរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់ ដែលទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទ និងសាធារណជនគ្រប់ទិសទី។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានណែនាំឱ្យគណៈបញ្ជាការបង្រ្កាបបទល្មើសនេសាទរបស់កងទ័ពជើងគោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តន៍យុទ្ធនាការ បង្រ្កាប អភិរក្ស និងអភិវឌ្ឍបឹងទន្លេសាប ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដោយផ្តោតកិច្ចការសំខាន់ ចំនួន៣ចំណុច៖ ទី១. បង្រ្កាបរាល់បទល្មើសនេសាទគ្រប់ប្រភេទ គ្រប់រូបភាព និងគ្រប់ទម្រង់ ទី២. អភិរក្ស និងធានានិរន្តរភាព ធនធានជលផល និងជីវចម្រុះ សម្រាប់កូនចៅជំនាន់ក្រោយ និងទី៣. អភិវឌ្ឍបឹងទន្លេសាប ដោយត្រូវចុះជួប ចុះផ្សព្វផ្សាយ និង ជួយដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីប្រជាពលរដ្ឋអាចប្រកបរបរលើផ្ទៃបឹងទន្លេសាបដោយស្របច្បាប់ និងការទទួលខុសត្រូវ។

ក្នុងឱកាសត្រួតពិនិត្យវឌ្ឍនភាពការងារបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត មានដូចជា ថវិកា ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ មី ស្ករស ត្រីខ ជូនដល់បណ្តាកងឯកភាព ចំណុះគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទ ខុសច្បាប់ លើផ្ទៃបឹងទន្លេសាប របស់កងទ័ពជើងគោក៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





