ខ្លាភ្ញីថ្មកែវកំពុងរស់នៅឧទ្យានជាតិវីរៈជ័យ និងដែនជម្រកសត្វព្រៃភ្នំព្រេច
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥--ខ្លាភ្ញីថ្មកែវជាប្រភេទមានរូបរាងពិសេស និងមានដោយកម្រ ដែលដើមកំណើតនៅអាស៊ីអាគ្នេយ៍ យើងអាចឃើញខ្លាប្រភេទនេះនៅតាមតំបន់ការពារធម្មជាតិកម្ពុជាដូចជា ឧទ្យានជាតិវីរៈជ័យ និងដែនជម្រកសត្វព្រៃភ្នំព្រេច។

មន្រ្តីអង្គការ Wildlife បានឱ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ថា ខ្លាភ្ញីថ្មកែវប្រភេទនេះត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់ ដែលនេះរាប់ថាជាសំណាងមួយដែលយើងអាចស្គាល់ពីការរស់នៅ ជីវសាស្ត្រ ក៏ដូចជាអាកប្បកិរិយានៃប្រភេទសត្វនេះបានកាន់តែច្បាស់។ សត្វ «ខ្លាភ្ញីថ្មកែវ» មានដោយកម្រ ហើយក៏មាននៅតំបន់មួយចំនួននៃអាស៊ីអាគ្នេយ៍ កោះស៊ូម៉ាត្រា និងកោះបរណេអូ។ «ខ្លាភ្ញីថ្មកែវ» ស្ថិតនៅក្រុមប្រភេទជិតផុតពូជ ដូច្នេះហើយគេកម្រឃើញវាបង្ហាញខ្លួន នៅក្នុងព្រៃធម្មជាតិណាស់ ហើយវាក៏កំពុងតែរងគ្រោះថ្នាក់ពីការបរបាញ់ និងបាត់បង់ទីជម្រក។
នៅកម្ពុជា «ខ្លាភ្ញីថ្មកែវ» ត្រូវបានកត់ត្រាជាលើកដំបូងដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងស្រុក ដែលមាននៅកែវសីមាខេត្តមណ្ឌលគិរី និងនៅឧទ្យានជាតិបូកគោ ឧទ្យានជាតិវីរៈជ័យ ដែនជម្រកសត្វព្រៃភ្នំពេ្រច និងតំបន់ជួរភ្នំ ក្រវាញភាគកណ្ដាល។ សត្វ «ខ្លាភ្ញីថ្មកែវ» ជាប្រភេទសត្វដែលស្ថិតនៅក្នុងក្រុមប្រភេទជិតផុតពូជ ហើយកំពុងតែរងគ្រោះថ្នាក់ពីការបរបាញ់ និងបាត់បង់ទីជម្រក៕
ដោយ ណយ នឿន (ប្រភព៖ Wildlife)





