«ត្រសក់ផ្អែម» គឺជាប្រភេទដំណាំសក្តានុពលដែលមានតម្លៃបន្ថែមខ្ពស់
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥-- «ត្រសក់ផ្អែម» គឺជាប្រភេទដំណាំសក្តានុពលដែលមានតម្លៃបន្ថែមខ្ពស់ តែតម្រូវឱ្យដាក់ចំណាយទុនច្រើន ទាមទារឱ្យកសិករអ្នកដាំត្រូវមានបទពិសោធន៍បច្ចេកទេសច្បាស់លាស់ ចេះតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន និងមានចំណេះដឹងត្រឹមត្រូវពីការគ្រប់គ្រងហិរញ្ញវត្ថុ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ថា ជាទូទៅ កសិករខ្នាតតូចដែលធ្វើកសិកម្មជាលក្ខណៈគ្រួសារ ពិតជាមិនងាយមានសមត្ថភាពក្នុងការវិភាគសេដ្ឋកិច្ច និងព្យាករណ៍ពីតម្រូវការទីផ្សារឱ្យបានត្រឹមត្រូវនោះទេ ហេតុដូច្នេះហើយបានជាក្រសួងកសិកម្មលើកទឹកចិត្តឱ្យបងប្អូនកសិករយើង ដែលតែងជួបបញ្ហាប្រឈមទាំងផ្នែកបច្ចេកទេស ទីផ្សារ និងដើមទុន ពិចារណាចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យសហគមន៍ អាចដើរតួនាទីនេះជំនួស និងងាកមកចាប់យកការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាវិញម្តង ដែលអាចផ្តល់ភាពច្បាស់លាស់ជាងមុនដល់ការធ្វើកសិកម្មរបស់ពួកគាត់។

លោក ញឹក ថន ជាកសិករដាំត្រសក់ផ្អែម ក្នុងក្រុងអន្លង់វែង ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា គាត់ដាំត្រសក់ផ្អែម កន្លះហិកតា ស្មើ៩ ០០០ កូន ដែលមានពូជពណ៌លឿង ការ៉ុត ស និងពណ៌សំណាញ់ ជាដើម។ រយៈពេលដាំចាប់ពី៥០ ទៅ៦០ ថ្ងៃបានប្រប្រមូលផលហើយ គាត់ចំណាយប្រាក់ប្រមាណ៥លានរៀល លើការដាំដុះ។ ពេលប្រមូលផលរកបានចំណូល៣០លានរៀលក្នុងការដាំម្តង ហើយមួយឆ្នាំគាត់អាចដាំបានបី ទៅបួនដង។ ការដាំត្រសក់ផ្អែមនេះបានទទួលការបណ្តុះបណ្តាលពីមន្ទីរកសិកម្មខេត្ត និង សហគមន៍ដោយផ្ទាល់ ហើយការដាំក្នុងសហគមន៍ បានដាំឆ្លាស់វេនគ្នា ដើម្បីកុំឱ្យតម្លៃថោក ឯការលក់ទៀតសោត សហគមន៍ មានចុះកិច្ចសន្យាច្បាស់លាស់ជាមួយ ក្រុមហ៊ុន ID មិនពិបាករកទីផ្សារឡើយ៕


ដោយ ណយ នឿន





