លោកជំទាវ ពុំ ចន្ទីនី អញ្ជើញចូលរួមសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អាណត្តិទី៦
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥--
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានរៀបចំសន្និបាតសាខាអាណត្តិទី ៦ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងជាប្រធានអង្គសន្និបាត ព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ភ្ញៀវកិត្តិយសសរុបចំនួន៤១២នាក់ នៅសាលសន្និសីទបូកគោ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត។

ដំណើរការនៃសន្និបាត មានសមាជិកពេញសិទ្ធិក្នុងការបោះឆ្នោតចំនួន៥៥នាក់ ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខភាព គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតអាណត្តិទី៦ ចំនួន១៥រូប ជាលទ្ធផលមាន៥៥សំឡេងគាំទ្រលើ៥៥សំឡេង ដោយអនុវត្តតាមនីតិវិធីរបស់គណៈកម្មការបោះឆ្នោត។ ក្នុងនោះដែរគណៈកម្មាធិការសាខាដែលទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកទី១ សម្រេចឯកភាពគ្នាជ្រើសរើស ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ជាប្រធានគណៈកម្មាធិការសាខា លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា លោក យិន ប៊ុនអាន អនុប្រធានគណៈកម្មាធិការសាខា លោកព្រាប សុផាត ហេរញ្ញិកគណៈកម្មាធិការសាខា និងលោក សយ ស៊ីណុល ជាលេខាធិការគណៈកម្មាធិការសាខា ព្រមទាំងសមាជិក សមាជិកា សរុបចំនួន ១៥នាក់ (ស្រី ៤នាក់) ។

បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតអាណត្ដិទី៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានបន្តដឹកនាំកិច្ចប្រជុំតម្រង់ទិស ជាមួយសមាជិក សមាជិកា គណៈកម្មាធិការសាខា អាណត្ដិទី៦ និងអនុសាខា៩ក្រុងស្រុក ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ឱ្យបានកាន់តែប្រសើរជាងមុន និងទាន់ពេលវេលា៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





