អ្នកជំនាញជាតិ និងអន្តរជាតិ ចូលរួមប្រជុំដើម្បីពង្រឹងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ -- មន្ត្រីរដ្ឋាភិបាល អ្នកជំនាញការអភិរក្សជាតិ និងអន្តរជាតិ និងដៃគូ មានវត្តមានក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នៅថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៥ នៅទីរួមខេត្តក្រចេះ ស្តីពីការគ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ។

មន្ត្រីអង្គការ WWF បានឱ្យដឹងថា ខណៈពេលដែលវឌ្ឍនភាពនៃកិច្ចអភិរក្សសត្វផ្សោត នាពេលនេះទទួលបានលទ្ធផលជាវិជ្ជមាន ប៉ុន្តែបញ្ហាប្រឈមនៅតែមាន ជាពិសេសការគំរាមកំហែងនៃការជាប់ម៉ងនេសាទខុសច្បាប់ ដែលបន្តបង្កគ្រោះថ្នាក់ដល់សត្វផ្សោត។ តាមរយៈសិក្ខាសាលានាថ្ងៃនេះនឹងផ្តល់នូវធាតុចូលដ៏សំខាន់ ដើម្បីវាយតម្លៃសមិទ្ធិផល ពង្រឹងភាពជាដៃគូ និងកែលម្អយុទ្ធសាស្រ្តអភិរក្ស។ ការពិភាក្សានេះក៏នឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ ការជំរុញការត្រួតពិនិត្យផ្នែកវិទ្យាសាស្ត្រ ការបង្កើតដំណោះស្រាយដែលអាចធ្វើសកម្មភាពបាន និងធានាបាននូវមូលនិធិប្រកបដោយនិរន្តរភាព ដើម្បីការពារផ្សោតទន្លេមេគង្គដែលកំពុងរងគ្រោះ។ កិច្ចការដ៏មានសារៈសំខាន់នេះ គឺជាយន្តការមួយឆ្ពោះទៅរកការធានាការរស់រានមានជីវិតរយៈពេលវែងរបស់សត្វផ្សោត។

លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ បានលើកឡើថា យុទ្ធនាការហែលទឹកទន្លេមេគង្គបានកន្លងមកនេះ គឺបានរួមចំណែកគួរឱ្យកត់សម្គាល់ចំពោះការផ្សព្វផ្សាយ និងការការពារសត្វផ្សោតទន្លេមេគង្គ។ សិក្ខាសាលាថ្ងៃនេះនឹងផ្តល់នូវអនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងយុទ្ធសាស្រ្តអភិរក្សបន្ថែមទៀតសម្រាប់ប្រភេទសត្វផ្សោត ដែលត្រូវបានចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតនៅរបស់កម្ពុជា និងជានិមិត្តរូបនៃទន្លេមេគង្គ៕

ដោយ ណយ នឿន (ប្រភព៖ WWF)





