ប្រជាជនរងគ្រោះភ្លើងឆេះផ្ទះនៅក្រុងសំពៅពូនទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥--
លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុងសំពៅពូន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុងចំនួន២ខ្នង និងឆេះដោយអន្លឺ ចំនួន២ខ្នង នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ លោក ហាក់ សុខមករា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងសេចក្តីអាណិតអាសូរជាទីបំផុត។ ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាជនរងគ្រោះទាំង៤គ្រួសារនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនេះ លោកអិបាលរងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះ អាកាសធាតុក្ដៅ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។ លោកអភិបាលរង ក៏បានលើកទឹកចិត្ត ដល់ជនរងគ្រោះទាំងអស់ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង មិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។

អំណោយដែលសាខាបានចែកជូនជនរងគ្រោះ ក្នុង១គ្រួសារទទួលបានអង្ករ៥០គីឡូក្រាម មី១កេស កៅស៊ូតង់១ផ្ទាំង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ត្រីខ១យួរ ឃីតសម្ភារប្រើប្រាស់១កញ្ចប់ សម្ភារផ្ទះបាយ១ឈុត។ ដោយឡែក២គ្រួសារដែលរងការឆេះផ្ទះទាំងស្រុងទទួលបានថវិកា២លានរៀល និងឆេះដោយអន្លឺ ទទួលបានថវិកា១លានរៀល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





