កាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យចូលរួមអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២០២៥
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥--
លោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំសមាជិកគណៈអនុសាខាក្រុង ក្រុមប្រតិបត្តិសង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងយុវជនកាកបាទក្រហម ចូលរួមក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងបាននាំយកសម្ភារមួយចំនួនទៅសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងកុមារតូចៗ ចំនួន៥០នាក់ មកពី១៥ភូមិ នៃសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ទិវានេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ "ពង្រឹងភាពជាដៃគូរវាងសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកគុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ"។ គោលបំណងនៃទិវានេះ គឺដើម្បីលើកកម្ពស់ឥស្សរជនឆ្នើមថ្នាក់ជាតិ ភាពជាអ្នកដឹកនាំនៃវេទិកាជាអ្នកដឹកនាំអាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

លោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានថ្លែងថា កាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូនានា ដើម្បីលើកកម្ពស់សុខភាពមាតា ទារក និងកុមារ។ យើងប្តេជ្ញាបន្តផ្តល់សេវាមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែងដោយមិនប្រកាន់វណ្ណៈ និន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានប្រជាពលរដ្ឋជួបទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច។

សូមបញ្ជាក់ថា អំណោយយកទៅចែកជូនស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងកុមារតូចៗ ចំនួន៥០នាក់ ក្នុងម្នាក់ទទួលបានមីជាតិ១កេសតូច ត្រីខ១យួរ ទឹកដោះគោឆៅ១ឡូ ទឹកដោះគោខាប់២កំប៉ុង ទឹកសណ្តែក១យួរ នំប្រៃ១ថង់ កន្សែងពោះគោធំ១ សាប៊ូកក់សក់១ដប ម្សៅលាបខ្លួន១ដប និងថវិកាមួយចំនួនផងដែរ៕
ដោយ ឈុន សារ៉ាត





