អង្គការ Wildlife៖ ស្វាព្រាមរស់នៅប៉ែកខាងកើតនៃប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥--
ប្រភពពីអង្គការ Wildlife បានឱ្យដឹងនៅថ្ងៃទី២១ ខែមីណា ឆ្នាំ២០២៥ ស្វាព្រាមជាប្រភេទស្ថិតក្នុងអម្បូរស្វា និងសម្បូររស់នៅប៉ែកខាងកើតនៃប្រទេសកម្ពុជា។ ស្វាព្រាមមានពណ៌ខ្មៅប្រផេះពាសពេញលើដងខ្លួន។ ផ្ទៃមុខមានពណ៌ខ្មៅគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ ផ្នែកច្រមុះ និងមាត់មានពណ៌ស ប្រផេះ។

ស្វាព្រាមចូលចិត្តរត់លេងក្បែរមាត់ទន្លេ ឬប្រភពទឹក ដែលធ្វើឱ្យទីជម្រករបស់ពួកគេកាន់តែមានភាពទាក់ទាញ។ ស្វាព្រាមមានតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតាមរយៈការស៊ីផ្លែឈើ និងស្លឹករុក្ខជាតិ។ នៅពេលស៊ីចំណី គ្រាប់ពូជជ្រុះពង្រាយលើដី ក្រោយមកគ្រាប់ពូជនឹងដុះចេញជាកូនឈើពាសពេញព្រៃ។ តើនេះមិនអស្ចារ្យទេឬ? ស្វាព្រាមពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងការស្តារព្រៃឈើឡើងវិញ ។
ស្វាព្រាមស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ។ ប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (LR/nt) ជាប្រភេទងាយរងគ្រោះថ្នាក់តិចតួច។ លើពិភពលោក ស្វាព្រាមកំពុងរងគ្រោះថ្នាក់ដោយសារ ការបរបាញ់ ការទាក់ចាប់ ការបាត់បង់ទីជម្រក និងការធ្វើពាណិជ្ជកម្ម៕
ដោយ ណយ នឿន(ប្រភព៖ Wildlife)





