វគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅស្រុកសន្ទុក
AKP កំពង់ធំ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥--មន្ទីរកិច្ចការនារីខេត្តកំពង់ធំបានសហការជាមួយគម្រោងQSA បើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ឡេង សុក្ខី អភិបាលរងស្រុកសន្ទុក មន្រ្តីមន្ទីរកិច្ចការនារីខេត្តការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិសមាជិកភូមិ និងប្រជាពលរដ្ឋឃុំកំពង់ថ្ម និងឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ធំ។ វគ្គអប់រំផ្សព្វផ្សាយនេះរៀបចំឡើងនៅពីរទីតាំងផ្សេងគ្នាពេលព្រឹកស្ថិតបរិវេណសាលាឃុំកំពង់ថ្ម មានប្រជាពលរដ្ឋចូលរួមសរុប១០៦នាក់ (ស្រី៦៩នាក់) និងពេលរសៀលនៅបរិវេណសាលាឃុំប្រាសាទ មានប្រជាពលរដ្ឋចូលរួមសរុប១០៤នាក់ (ស្រី៦៧នាក់)។

លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត បានលើកឡើងថា ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនក្នុងគ្រួសារ និងសហគមន៍ឱ្យយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចតាមរយៈការផ្តល់ចំណេះដឹងជំនាញដែលទុនទាំងនេះអាចធ្វើឱ្យស្ត្រីរកប្រាក់ចំណូលបានដោយខ្លួនឯង និងអាចធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។ កាលពីជំនាន់មុនស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិ ដូចជាការសិក្សារៀនសូត្រមិនបានវែងឆ្ងាយពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍសង្គម ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ស្ត្រី និងកុមារីឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រ និងគោលដៅជាច្រើនក្នុងការពង្រឹងចំណេះដឹងជំនាញបច្ចេកទេសផ្សេងដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសារ។ លោកស្រីប្រធានមន្ទីរក៏បានបញ្រ្ជាបនូវច្បាប់ទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនផងដែរ។

លោកស្រី ឡេង សុក្ខី អភិបាលរងស្រុកសន្ទុក បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ក៏ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តីបានចូលរួមការងារផ្សេងៗនៅក្នុងសង្គម ដើម្បីទទួលបានចំណេះដឹង ជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ វគ្គអប់រំផ្សព្វផ្សាយនេះប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងសម្រេចបានតាមគោលបំណងដែលបានគ្រោងបានចូលរួមចំណែកក្នុងការលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចរបស់ស្រ្តីឱ្យមានភាពប្រសើរឡើង៕


ដោយ ស៊ុម វណ្ណា





