រដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកា ASEAN-RAI បានបើកដំណើរការជាផ្លូវការហើយ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA) និងការគាំទ្រពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គ ការសហប្រជាជាតិ (FAO)បានបើកដំ ណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ។

វេទិការនេះក្រោមអធិបតីភាពរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរា ជាណាចក្រកម្ពុជា។

ក្នុងឱកាសនៃវេទិកា ASEAN-RAI នាឱកាសនេះ សមាជិកសភាតំណាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងវិស័យឯកជន បានប្រកាសទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុលែងជាការគំរាមកំហែងនៅពេលអនាគតទៀត ហើយ ប៉ុន្តែវាជាវិបត្តិចំពោះមុខរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន ដែលទាមទារនូវកិច្ចសហការដោះស្រាយរួមគ្នាជាបន្ទាន់។
អង្គវេទិកាបានគូសបញ្ជាក់នូវដំណោះ ស្រាយយុទ្ធសាស្ត្រគន្លឹះ ដែលមិនអាចមើលរំលងបាន ដើម្បីឆ្លើយតបនឹងវិបត្តិអាកាសធាតុ និងការធានាសន្តិសុខស្បៀង រួមមាន៖

· ការពង្រឹងអភិបាលកិច្ច និងតម្លាភាព៖ កសាងប្រព័ន្ធអភិបាលកិច្ចរឹងមាំ ធានាតម្លាភាព និងគណនេយ្យភាពក្នុងដំណើរការវិនិយោគលើវិស័យកសិកម្ម។
· ការអនុវត្តកសិកម្មបន្ស៊ំ (Climate-Smart Agriculture)៖ ជំរុញបច្ចេកទេស និងប្រព័ន្ធកសិកម្មដែលមានភាពធន់ អាចបត់បែន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
· ការដាក់ពង្រាយបច្ចេកវិទ្យាទំនើប៖ ប្រើប្រាស់នវានុវត្តន៍ និងបច្ចេកវិទ្យាកសិកម្ម ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងការពារធនធានបរិស្ថាន។

កិច្ចពិភាក្សា និងការផ្លាស់ប្តូរបទពិសោធន៍រវាងអ្នកជំនាញក្នុងវេទិការយៈពេលពីរថ្ងៃនេះ (២៥-២៦ ខែសីហា) ត្រូវបានរំពឹងថានឹងផ្តល់នូវធាតុចូលថ្មីៗយ៉ាងសំខាន់ ផ្សារភ្ជាប់នឹងឆន្ទៈនយោបាយច្បាស់លាស់ ក្រោមបេសកកម្មរួមមួយ គឺធានាឱ្យការវិនិយោគកសិកម្មផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពកសិករ បង្កើតការងារ និងកសាងប្រព័ន្ធស្បៀងអាហារតំបន់មួយដែលមានចីរភាព និងសមត្ថភាពទ្រទ្រង់បានយូរអង្វែង។

សម្រាប់ព័ត៌មានលម្អិតពិស្តារនៃពិធីបើកវេទិកា ASEAN-RAI នាយកដ្ឋានព័ត៌មាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភានឹងផ្សាយជូនជាបន្តបន្ទាប់នាពេលបន្តិចទៀតនេះ៕
ដោយ៖ ប៊ុនរិទ្ធ





