មន្ត្រីជាន់ខ្ពស់អាជ្ញាធរទន្លេសាបចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់ជាមួយតំណាងអង្គការ UNESCO
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥-- លោក ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប តំណាងក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់ជាមួយតំណាងអ្នកឯកទេសគ្រប់គ្រងទឹកមកពីអង្គការ UNESCO ប្រចាំទីក្រុងប៉ារីស និងភ្នំពេញ។

គោលបំណងនៃកិច្ចប្រជុំគឺមានពីរចំណុចសំខាន់ៗ៖ ទី១. ចែករំលែកព័ត៌មានគម្រោងដែលត្រូវអនុវត្តសម្រាប់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែន (Transboundary Groundwater Resources Management in the Great Mekong Subregion) និងទី២. គម្រោងមានការចូលរួមពីក្រសួងពាក់ព័ន្ធមានដូចជា ក្រសួងបរិស្ថាន អង្គការ IUCN និង UNESCO ប្រចាំទីក្រុងភ្នំពេញ និងបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គ (កម្ពុជា វៀតណាម ឡាវ និងថៃ)។

កិច្ចប្រជុំបានបញ្ជាក់អំពីតួនាទី និងភារកិច្ចរបស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដែលជាស្ថាប័នគោលទាក់ទងលើការគ្រប់គ្រងធនធានទឹក និងទឹកក្រោមដី។ ក្រុមការងារតំណាងអង្គការ UNESCO នឹងបន្តសហការ និងធ្វើការរួមគ្នា ដើម្បីឱ្យដំណើរការគម្រោងទទួលបានជោគជ័យនាពេលខាងមុខ៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





