សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទាំងស្រុងលើការពិនិត្យឡើងវិញ ដើម្បីពង្រឹងនិងកែលម្អ រចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥–ឆ្លើយតបទៅនឹងសំណើរ របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសគាំទ្រទាំងស្រុង លើការពង្រឹង និងកែលម្អ រចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យស្របតាមគោលការណ៍ នៃរដ្ឋបាលឯកភាព ដែលបានកំណត់ក្នុងច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

ក្នុងឱកាសបិទវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី "កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០" នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការពិនិត្យឡើងវិញ ដើម្បីពង្រឹង និងកែលម្អ រចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីធានាឱ្យក្រុមប្រឹក្សាអាចម្ចាស់ ការលើកិច្ចការងារគ្រប់គ្រងមុខងារ ធនធាន និងមានសមត្ថភាពដឹកនាំសម្របសម្រួល សកម្មភាព ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅក្នុងដែនរបស់ខ្លួន សំដៅឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព ។

ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា "ជាការពិតផ្អែកតាមការវិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច នគរូបនីយកម្ម បច្ចេកវិទ្យាព័ត៌មាន ការបំលាស់ទីរបស់ប្រជាជន មកកាន់តំបន់ទីប្រជុំជន ការកើនឡើងនូវតម្រូវការសង្គម និងសម្ពាធនៃវិបត្តិជាសកល បានតម្រូវឱ្យរាជរដ្ឋាភិបាល ចាំបាច់ត្រូវពិនិត្យនិងកែលម្អស្ថាប័នរដ្ឋបាលសាធារណៈ ទាំងនៅថ្នាក់ជាតិ និងនៅក្រោមជាតិ" ។


បន្ថែមលើនេះ សម្តេចធិបតី គូសបញ្ជាក់ថា ចំពោះការកែលម្អស្ថាប័នសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល បានផ្តល់ជាផែនទីបង្ហាញផ្លូវ នៅក្នុងកម្មវិធីជាតិដំណាក់កាលទី២រួចហើយ គឺត្រូវបន្តរៀបចំរចនាសម្ព័ន្ធ គ្រប់គ្រងនិងមុខងាររដ្ឋបាលថ្នាក់ក្រោមជាតិ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





