អង្គការ WWF បើកយុទ្ធនាការហែលទឹកទន្លេមេគង្គជាលើកដំបូង ហែលទឹកឆ្លងកាត់ទីជម្រកសត្វផ្សោតទន្លេមេគង្គ ចម្ងាយ១២០គីឡូម៉ែត្រ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥--
តាមការបញ្ជាក់ពីអង្គការ WWF នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥បានឱ្យដឹងថា យុទ្ធនាការហែលទឹកទន្លេមេគង្គជាលើកដំបូង ហែលទឹកឆ្លងកាត់ទីជម្រកសត្វផ្សោតទន្លេមេគង្គ ចម្ងាយ១២០គីឡូម៉ែត្រ បានចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃនេះ។

ក្រុមអ្នកអភិរក្សអន្តរជាតិមួយក្រុមបានប្តេជ្ញាហែលទឹកតាមដងទន្លេមេគង្គ ដោយចាប់ផ្តើមការហែលចេញពីទីតាំងក្បែរស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង។ ក្រុមអ្នកហែលទឹកចំនួន៥នាក់ អមដំណើរនៃការហែលទឹកដោយឆ្មាំទន្លេរបស់យើង និងក្រុមការងារ WWF-កម្ពុជា នឹងចំណាយរយៈពេល៤ថ្ងៃបន្ទាប់ ដែលនឹងត្រូវប្រឈមនឹងឧបសគ្គជាច្រើនជាមួយចរន្តទឹកទន្លេហូរខ្លាំង រួមជាមួយនឹងសកម្មភាពកត់ត្រាចំនួនសត្វផ្សោត និងការប្រមូលសំណាកនៃឧបករណ៍នេសាទ ដែលយុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីរៃអង្គាសថវិកាសម្រាប់ការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការពារទីជម្រកវារីសត្វគ្រប់ប្រភេទក្នុងទន្លេមេគង្គ។

តំណាងនៃអ្នកហែលទឹកម្នាក់ គឺលោកស្រីបណ្ឌិត Frances Gulland អ្នកជំនាញថនិកសត្វសមុទ្រ អាយុ ៦៥ឆ្នាំ បានមានប្រសាសន៍ថា ការការពារជីវៈចម្រុះ ជាពិសេសសត្វផ្សោត គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខមាលភាពទន្លេ និងមហាសមុទ្រ។ យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺមិនមែនគ្រាន់តែជាសកម្មភាពហែលទឹកធម្មតាប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពនេះក៏ជាការអំពាវនាវឱ្យមានការចាត់វិធានការជាបន្ទាន់ ដើម្បីធានាថាមនុស្សជំនាន់ក្រោយនឹងបានឃើញសត្វដ៏អស្ចារ្យទាំងនេះដែលអាចលូតលាស់នៅក្នុងទន្លេមេគង្គ។

គួរបញ្ជាក់ផងដែរថា ក្រុមការងារហែលទឹកនឹងត្រូវបញ្ចប់បេសកកម្មនេះនៅទីរួមខេត្តក្រចេះនៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៥។ ជាមួយគ្នានេះដែរ សូមអញ្ជើញចូលរួមជាមួយក្រុមហែលទឹករបស់យើង និងសមាជិកសហគមន៍នៅក្នុងកម្មវិធីដែលរៀបចំនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី ដើម្បីអបអរសាទរនៃយុទ្ធនាការថ្ងៃចុងក្រោយនៃការធ្វើដំណើរឆ្លងកាត់ទីជម្រករបស់សត្វផ្សោតទន្លេមេគង្គ៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





